រដ្ឋាភិបាលជប៉ុន បានផ្តល់នូវទឹកប្រាក់ចំនួន១,២លានដុល្លារ ដល់សាលាក្ដីខ្មែរក្រហម

0
869

(ភ្នំពេញ) រដ្ឋាភិបាលជប៉ុន បានផ្តល់នូវទឹកប្រាក់ចំនួន១,២លានដុល្លារ ជាវិភាគទាន ទ្រទ្រង់សម្រាប់ឆ្នាំសារពើពន្ធ២០១៨ របស់ខ្លួន ដោយផ្ដល់ឲ្យភាគីអង្គកាសហប្រជាជាតិ នៃថវិកាអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការខ្មែរក្រហមកម្ពុជា (អ.វ.ត.ក) ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់វិភាគទាននេះ ដើម្បីបន្តទ្រទ្រង់ ដំណើរការសាលាក្ដីខ្មែរក្រហម។ ជប៉ុនកត់សម្គាល់ នូវការវិវត្តនាពេលថ្មីៗនេះ នៃ អ.វ.ត.ក ជាពិសេសសាលក្រម របស់អង្គជំនុំជម្រះសាលាដំបូង លើសំណុំរឿង ០០២/០២ ។

ទន្ទឹមនឹងនេះ លើកទឹកចិត្តឲ្យ អ.វ.ត.ក បន្តដំណើរការលើសំណុំរឿងដែលនៅសេសសល់ ក្នុងរបៀបមួយមានភាពត្រឹមត្រូវ ប្រសិទ្ធភាព និងឆាប់រហ័ស ដោយហេតុថា ជនជាប់ចោទមានវ័យកាន់តែចាស់ជរា និងសុខភាពទន់ខ្សោយ ដើម្បីសម្រេចបាននូវយុត្តិធម៌ ដែលទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរមកហើយ សម្រាប់ប្រជាជនកម្ពុជា ។

សេចក្ដីជូនដំណឹងបន្តថា ជប៉ុនផ្ដល់សារៈសំខាន់ទៅលើសាលាក្ដីខ្មែរក្រហម ដោយផ្អែកលើទស្សនចំនួន៣ ៖ ទី១-ការកាត់ក្ដីខ្មែរក្រហម គឺជាដំណាក់កាលបញ្ចប់ ​នៃដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ដើម្បីបង្ការទប់ស្កាត់ ការកើតឡើងវិញ នៃរបបឃោឃៅ ដែលបានប្រព្រឹត្តឡើង ក្នុងរបបខ្មែរក្រហម , ២- សាលាក្ដីខ្មែរក្រហម នឹងជួយស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះនៃរបបខ្មែរក្រហម ដែលប្រការនេះ នឹងរួមចំណែកដល់ការផ្សះផ្សា ជាតិឡើងវិញ និងទី៣- សាលាក្ដីនេះ នឹងរួមចំណែក ដល់ការពង្រឹងនីតិរដ្ឋនៅកម្ពុជា។

សេចក្ដីជូនដំណឹងបន្ថែមថា ជប៉ុនបានជួយអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា តាំងពីដើមដំបូងមក ហើយគិតមកដល់ថ្ងៃនេះ ជំនួយហិរញ្ញវត្ថុ ពីជប៉ុនមានចំនួន ៨៧,៥៤លានដុល្លារ ដោយគិតរួមទាំងការ បញ្ចេញថវិកាលើកនេះ ដែលប្រហាក់ប្រហែល២៩% នៃថវិកាសរុបផ្ដល់ដោយប្រទេស ផ្ដល់ជំនួយជូនភាគីជាតិ និងភាគីអង្គការ សហប្រជាជាតិ នៃ អ.វ.ត.ក ។

លើលពីនេះទៀត ជប៉ុនរួមជាមួយបារាំង ក្នុងឋានៈជាសហប្រធាននៃមិត្តរបស់ អ.វ.ត.ក បានតាមដានដំណើរ ការរបស់តុលាការ នេះយ៉ាងសកម្មជា រៀងរហូតមកផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here