តបតាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង ចេញសេចក្តីសម្រេចដកឯកឧត្តម សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ដោយសារ…

0
838

ខេត្តមណ្ឌលគិរី៖ តបតាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ចេញសេចក្តីសម្រេច
លេខ ១៤០ សសរ ដក ឯកឧត្តម សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ចេញពីសមាជិកក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តមណ្ឌលគិរី ដោយដាក់ជំនួសមកវិញដោយលោក មាស ប្រុស ប្រធានរដ្ឋបាលសាលាដំបូងខេត្តមណ្ឌលគិរី។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា សេចក្តីសម្រេចដក ឯកឧត្តម សេង សុវណ្ណារ៉ា គឺដោយសារមន្ត្រីជាន់ខ្ពស់រូបនេះ បានជាប់ពាក់ព័ន្ធករណីឈូសឆាយ និងទន្ទ្រានយកដីព្រៃចំការស្រស់សាធារណៈរបស់រដ្ឋនៅខេត្តមណ្ឌលគិរីរាប់ពាន់ហិកតាធ្វើជាកម្មសិទ្ធិ។

យោងតាមឯកសារដែល មេគង្គញូវទទួលបាននោះ បង្ហាញថា ឯកឧត្តម សេង សុវណ្ណារ៉ា មានការជាប់ព័ន្ធករណីរំលោភយកដីរដ្ឋ ដោយមានអាជ្ញាធរមូលដ្ឋានគប់គិតផង ដែលមានទីតាំងស្ថិតក្នុងភូមិពូរាំង ជាង ៤០ហិកតា និងភូមិពូហ្យាម ជាង ២០ហិកតា ក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និងនៅភូមិអន្ត្រេះ ជាង ៩០០ហិកតា ក្នុងឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

សេចក្តីរាយការណ៍បន្ថែមថា ការបោះបង្គោល និងឈូសឆាយ យកដីព្រៃអភិរក្សស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានជាង ៦០ពាន់ហិកតា នៅក្នុងស្រុកអូររាំង ពីសំណាក់ក្រុមជនខិលខូចកាលពីពេលថ្មីៗ គឺមានការបើកភ្លើងខៀវពីលោក សៀក មុន្នី អភិបាលស្រុកអូររាំង និងមានឯកឧត្តម សេង សុវណុណារ៉ា ជាខ្នងបង្អែក។

នៅក្រោយពី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី រកឃើញថា ឯកឧត្តម សេង សុវណ្ណារ៉ា ជាអ្នកពាក់ព័ន្ធរឿងឈូសឆាយ និងកាន់កាប់យកដីរដ្ឋជិត ១ពាន់ហិកតានៅក្នុងស្រុកកោះញែក ទើបឯកឧត្តម អភិបាលខេត្តសម្រេចដកហូតយកដីទាំងអស់នោះមកជាសម្បត្តិរដ្ឋវិញ តាមរយៈលិខិតលេខ០៦៣/១៩ សជណ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។

ពាក់ព័ន្ធករណីនេះ លោក សៀក មុន្នី អភិបាលស្រុកអូររាំង បានប្រាប់ មេគង្គញូវ ថា ឯកឧត្តម សេង សុវណ្ណារ៉ា មិនបានរំលោភយកដីរដ្ឋជិត ១ពាន់ហិកតា ដូចការចោទប្រកាន់របស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីនោះទេ។

លោកអភិបាលស្រុករូបនេះ បន្ថែមថា រឿងឈូសឆាយដីព្រៃនោះ គឺអាជ្ញាធរស្រុកមានបំណងពង្រីកផ្លូវចាស់តែប៉ុណ្ណោះ មិនមែនឈូដឆាយទន្ទ្រានយកដីចំការស្រស់ឲ្យ ឯកឧត្តម សេង សុវណ្ណារ៉ា តាមការលើកឡើងរបស់
ឯកឧត្តម ស្វាយ សំអ៊ាង ទេ។

មេគង្គញូវ នៅពុំទាន់អាចសុំការបញ្ជាក់ និងបំភ្លឺពី ឯកឧត្តម សេង សុវណ្ណារ៉ា បាននៅឡើយទេ ដោយសារលេខទូរស័ព្ទដៃរបស់ឯកឧត្តម ហៅមិនចូល។

បើយោងតាមមាត្រា ២៥៩ នៃច្បាប់ ភូមិបាល បានចែងថា ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ពី ៥លាន ទៅ៥០លានរៀល និងដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ៕

ប្រភព៖ Mekong News

LEAVE A REPLY

Please enter your comment!
Please enter your name here