ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ ក្រសួងរៀបចំដែនដី ប្រមូលចំណូលចូលជាតិ ជិត៤០ម៉ឺនលានរៀល ក្នុងឆ្នាំ២០១៨

0
385

(ភ្នំពេញ) ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ និងជាប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងអង្គសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩។

ពិធីដែលបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញនាព្រឹកនេះ ក៏មានការចូលរួមពីអង្គទូត តំណាងអង្គទូត សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីរាជការ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យ៉ាងច្រើនកុះករផងដែរ។

នៅឆ្នាំ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រមូលចំណូលចូលជាតិ សរុបប្រមាណ ៣៩០ ៤៧៦ ៤៤២ ៧១១រៀល គិតទាំងចំណូលពីការផ្ទេរអចលនទ្រព្យ។

យោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី បានឲ្យដឹងថា ចំណូលថវិកាចូលជាតិរួមមាន៖ ចំណូលពីសេវាសុរិយោដីចំនួន ៤៦ ១១៨ ៤៦៧ ៦០១រៀល, ចំណូលពីសេវាសំណង់ ចំនួន ១៦ ២០៨ ៣៦៦ ៨៦៨រៀល, ចំណូលពីការជួល ទីតាំងរោងចក្រសហគ្រាស មានចំនួន ២៨១ ៦៤៨ ៨៨៨ រៀល, ចំណូលពីពន្ធលើការផ្ទេរអចលនទ្រព្យ ប្រមូលនៅអង្គភាពពន្ធដារ ចំនួន ៣២៧ ៨៦៧ ៩៥៩ ៣៥៤រៀល។

ប្រភពដដែលលើកឡើងទៀតថា ចំណូលទទួលបានពីការផ្តល់សេវា នៅការិយាល័យច្រកចេញចូលតែមួយ សរុប ៧៨ ៥១៧ ៦៧១ ២៤៧រៀល ក្នុងនោះសេវានៅថ្នាក់កណ្តាល ចំនួន ១១ ១២៧ ៦៨៥ ២៦៨រៀល និងថ្នាក់រាជធានី-ខេត្តចំនួន ៦៧ ៣៨៩ ៩៨៥ ៩៧៩រៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here