មនុស្សយើងមានជីវិតនៅលើផែនដីនេះ ប្រហែលជាង ២លានឆ្នាំ ហើយក្នុងរយៈពេល ៤៥ឆ្នាំចុងក្រោយនេះ នៅលើផែនដីទាំងមូល ប្រឈមនឹងការបាត់បង់សត្វ ជាច្រើនប្រភេទដែលធ្លាប់ មាននៅលើភពផែនដី ពីមុនមក។ នៅចន្លោះឆ្នាំ១៩៧0 និង ឆ្នាំ២0១៤ ថនិកសត្វ បក្សី ត្រី ល្មូន និង ថលផលិក បានបាត់បង់ជិត ៦០ភាគរយ ដោយសារតែសកម្មភាពរបស់មនុស្ស។ របាយការណ៍របស់អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) ក៏បានកត់ត្រានូវការបាត់បង់ដ៏ធ្ងន់ធ្ងរនេះផងដែរ។
របាយការណ៍ដដែលនេះ បានបញ្ជាក់ថា ដោយសារតែយើងរស់នៅពឹងផ្អែកលើធនធានធម្មជាតិកាន់តែខ្លាំង ធ្វើឱ្យធម្មជាតិរបស់យើងមិនអាចនៅស្រស់បំព្រងដូចកាលពីមុនទៀតបានឡើយ។ ដូច្នេះហើយបានជាអង្គការ WWF សហការជាមួយដៃគូអភិរក្ស និង អ្នកស្រាវជ្រាវមកពីជិត ៤0ស្ថាប័ន នៅជុំវិញពិភពលោក ស្វែងរកដំណោះស្រាយថ្មីដើម្បីជួយស្រោចស្រង់ភពផែនដីយើង។ ប៉ុន្តែបញ្ហាប្រឈម ដ៏ធំរបស់ក្រុមនេះ គឺការផ្លាស់ប្តូរយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការការពារធម្មជាតិ ព្រមទាំងការការពារ ជីវិតមនុស្សផងដែរ។
លោក Marco Lambertini អគ្គនាយកនៃអង្គការ WWF អន្តរជាតិ បានលើកឡើងថា «ថ្ងៃនេះ យើងនៅតែមានជម្រើស។ យើងអាចក្លាយជាស្ថាបនិកចលនាពិភពលោក ដែលបានផ្លាស់ប្តូរទំនាក់ទំនង របស់យើងជាមួយនឹងផែនដី។ យើងអាចជាមនុស្សជំនាន់ក្រោយ ដែលមានឱកាស ប៉ុន្តែមិនអាចចាប់យក ឱកាសនេះបាន។ ជម្រើសជារបស់យើងទាំងអស់គ្នា»៕ប្រភពប្រជាប្រិយ