អបអរសាទរ!!! ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជា “សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល”

0
1376

(ភ្នំពេញ) ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដែលត្រូវគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជា “សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល”

នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ អាណត្តិទី៦ នៅថ្ងៃទី១៨.១៩.២០ ខែធ្នូ ឆ្នាំ ២០១៨នេះ នៅមហាសាលកោះពេជ្រ។

ខាងក្រោមនេះគឺជាប្រវត្តិរូប និងភាពតស៊ូ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៖

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា កើតនៅថ្ងៃសុក្រ ៦ កើត ខែចេត្រ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៥ ត្រូវនឹងថ្ងៃទី ២០ ខែមីនា គ.ស ១៩៥៣ នៅភូមិរកាខ្នុរ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ ក្រោយពីបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបត្រភាគ ២ នៅឆ្នាំ ១៩៧៤ នៅវិទ្យាល័យ ១៨ មីនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យវេជ្ជសាស្រ្ត និងទន្តសាស្រ្ត។

ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ត្រូវបានជម្លៀសឲ្យទៅរស់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្រោយ ថ្ងៃរំដោះ ៧ មករា ១៩៧៩ ឯកឧត្តមបានឆ្លងកាត់វគ្គសិក្សានយោបាយជាច្រើន ដូចជាវគ្គសិក្សានយោបាយ ជំនាន់ទី១ នៅសាលានយោបាយរដ្ឋធានី វគ្គសិក្សានយោបាយ-បច្ចេកទេស សាលារដ្ឋបាលនីតិសាស្រ្តជំនាន់ទី២ វគ្គសិក្សាទ្រឹស្តីនយោបាយ ជំនាន់ទី៤ នៅសាលាង្វៀងអាយគួក ទី៧ ទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៧៩ និងបានកាន់តំណែងក្នុងរដ្ឋបាលដែនដី និងតំណែងនយោបាយជាច្រើនដូចជា៖

អនុប្រធានតំបន់ ៤ ក្រុងភ្នំពេញ (១៩៧៩-១៩៨១)

អនុប្រធានសង្កាត់លេខ ៤ ក្រុងភ្នំពេញ (១៩៨១-១៩៨៥)

អភិបាលខណ្ឌទួលគោក (១៩៨៥-១៩៨៨)

អភិបាលរងរាជធានីភ្នំពេញ (១៩៨៨-១៩៩៥)

អភិបាលរងទី១ រាជធានីភ្នំពេញ (១៩៩៥-១៩៩៩)

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអភិបាលរងទី១ រាជធានីភ្នំពេញ (១៩៩៩)

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអភិបាលរាជធានីភ្នំពេញ (១៩៩៩-២០០៣)

ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសហភាពមីយ៉ានម៉ា (២០០៣)

ទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា (២០០៣-២០០៤)

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (២០០៤-២០០៨)

រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ (២០០៨-ខែមេសា ២០១៦)

ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ខែមេសា ២០១៦-

បច្ចុប្បន្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់)

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានឋានន្តរសក្តិឧត្តមមន្រ្តីថ្នាក់លេខ ១ (ឆ្នាំ២០០៤) ក្នុងក្របខ័ណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់ និងបានទទួលគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ (ឆ្នាំ២០០៧)។  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ១៩៨៤ និងបានជាប់ឆ្នោតជាសមាជិគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស នៅថ្ងៃទី២១-២៧ ខែមករា ឆ្នាំ១៩៩៧។ ពីឆ្នាំ១៩៨៤ ដល់ ២០០៣ ឯកឧត្តមបានបំពេញការងារ និងសកម្មភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ។

នៅឆ្នាំ២០០៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីត្រូវបានគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចាត់តាំងជា អនុប្រធានទី១ ក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តកំពង់ចាម និងទទួលភារកិច្ចបន្ថែមជាបន្តបន្ទាប់ ជាប្រធានក្រុមការងារចុះជួយស្រុកក្រូចឆ្មារ (ឆ្នាំ២០០៤) ស្រុកមេមត់ (ឆ្នាំ២០០៦) ស្រុកត្បូងឃ្មុំ (ឆ្នាំ២០០៦) និងក្រុងសួង (ឆ្នាំ២០០៩)។

នៅឆ្នាំ២០០៨ ក្រោយពីឯកឧត្តមបានជាប់ឆ្នោតជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម ឯកឧត្តមត្រូវបាន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជ្រើសរើសចូលក្នុងគណៈរដ្ឋមន្រ្តី នីតិកាលទី៤ នៃរដ្ឋសភា ជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ក៏បានផ្ទេរភារកិច្ចឯកឧត្តម ពីអនុប្រធានគណៈកម្មាធិការគណបក្សក្រសួងរៀបចំដែនដី និងសំណង់ មកជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ។ នៅឆ្នាំ២០១៣ ឯកឧត្តមបានជាប់ឆ្នោតជាតំណាងរាស្រ្តមណ្ឌលកំពង់ចាមសារជាថ្មី និងត្រូវបានតែងតាំងបន្តជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៥ នៃរដ្ឋសភា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ចូលចិត្តលេងកីឡាប៉េតង់ និងកីឡាវាយកូនហ្គោល។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា មានចំណងអាពាហ៍ពិពាហ៍ជាមួយ លោកជំទាវ តាន់ ម៉ាលី និងមានបុត្រា បុត្រី ៤នាក់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here