តំណាងដៃគូអភិវឌ្ឍន៍ចំនួន ៥ ដែលជាសមាជិកគណៈកម្មាធិការដឹកនាំគម្រោង រួមមាន៖ UNDP, សហភាពអឺរ៉ុប, អូស្រ្តាលី, ស៊ុយអ៊ែត និងសហរដ្ឋអាមេរិក

0
414

នាថ្ងៃពុធ ១២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅ​ទីស្តី​ការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បាន​រៀប​ចំ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​គណៈកម្មាធិការដឹក​នាំ​គម្រោង​ភាព​ជា​ដៃ​គូ​សម្រាប់​កិច្ច​អភិវឌ្ឍន៍​ដោយ​ផ្តោត​លើ​លទ្ធផល ។ កិច្ច​ប្រជុំ​នេះ ដឹក​នាំ​ដោយ ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខា​ធិការ​រង​គណៈកម្មាធិការ​នីតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​ប្រធាន​គម្រោង​ភាព​ជា​ដៃ​គូ​សម្រាប់​កិច្ច​អភិវឌ្ឍន៍​ដោយ​ផ្តោត​លើ​លទ្ធផល និង​មាន​ការចូល​រួម​ពី​តំណាង​ដៃ​គូ​អភិវឌ្ឍន៍​ចំនួន ៥ ដែល​ជា​សមាជិកគណៈ​កម្មាធិការ​ដឹក​នាំ​គម្រោង រួម​មាន៖ UNDP, សហភាព​អឺរ៉ុប, អូស្រ្តាលី, ស៊ុយអ៊ែត និង​សហរដ្ឋ​អាមេរិក ព្រម​ទាំង​មន្រ្តី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សរុប​ប្រមាណ ៤០ រូប ។ គោល​បំណង​ចម្បង​នៃ​កិច្ច​ប្រជុំ​នេះ គឺ​ដើម្បី​ពិនិត្យ​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា​ក្នុង​ការ​អនុវត្ត​គម្រោង​សម្រាប់​ឆ្នាំ២០១៨ និង​អនុម័ត​លើ​ផែន​ការ​សកម្មភាព និង​ផែន​ការ​ថវិកា​សម្រាប់​ឆ្នាំ២០១៩ ។

គម្រោង​ភាព​ជាដៃគូ​សម្រាប់​កិច្ច​អភិវឌ្ឍន៍​ដោយ​ផ្តោត​លើលទ្ធផល ត្រូវ​បាន​អនុវត្ត​ចាប់​តាំង​ពី​ឆ្នាំ២០១១ (ដំណាក់​កាល​ទី១ ឆ្នាំ២០១១-២០១៥ និង​ដំណាក់​កាល​ទី២ ឆ្នាំ២០១៦-២០២០) ។ គោល​ដៅ​ចម្បង​នៃគម្រោង​នេះ គឺ​ដើម្បី​ពង្រឹង​ភាព​ជា​ម្ចាស់​របស់​រាជ​រដ្ឋាភិបាល និង​ភាព​ជាដៃ​គូ​សម្រាប់​កិច្ច​អភិវឌ្ឍន៍​ដោយ​ផ្តោត​លើ​លទ្ធផល តាម​រយៈ​ការ​គាំទ្រ​ដល់​ធាតុ​ចេញ​សំខាន់ៗ ​ចំនួន ៣ គឺ ១) ការ​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ជាតិឆ្នាំ២០១៩-២០២៣ និង​ការ​ធ្វើ​មូលដ្ឋានីយកម្ម​គោល​ដៅ​អភិវឌ្ឍន៍ ប្រកប​ដោយ​ចីរភាព​សម្រាប់​កម្ពុជា, ២) ការកៀរ​គរ​ហិរញ្ញប្បទាន​សហប្រតិបត្តិការ និង​គ្រប់គ្រង​សមាសភាគ​ពាក់ពន្ធ័​វិស័យ​វិនិយោគ សាធារណៈ​សម្រាប់​គាំ​ទ្រ​ការ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា និង​ការ​គាំទ្រ​ដល់​លេខា​ធិការដ្ឋាន​ដឹក​នាំ និង​សម្រប​សម្រួល​ការ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា, និង ៣) ការ​គាំទ្រ​ដល់​ការ​អនុវត្ត​យុទ្ធ​សាស្រ្ត ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ និង​ភាព​ជា​ដៃគូ​ឆ្នាំ២០១៩-២០២៣ ដើម្បី​ធានា​ប្រសិទ្ធភាព​ហិរញ្ញប្បទាន​សហប្រតិបត្តិការ សម្រាប់​កិច្ច​អភិវឌ្ឍន៍ ។

អង្គប្រជុំ​បាន​ពិភាក្សា និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នានា​ដែល​គម្រោង​សម្រេច​បាន​កន្លង​មក ពិត​ជាបាន​រួម​ចំណែក យ៉ាង​សំខាន់​ក្នុង​កិច្ច​អភិវឌ្ឍន៍ ក៏​ដូច​ជា​ពង្រឹង​ភាព​ជា​ម្ចាស់ និង​ភាព​ជា​ដៃ​គូ​របស់​រាជ​រដ្ឋាភិបាល​ជា​មួយ​បណ្តា​ដៃ​គូ​អភិវឌ្ឍន៍​ទាំង​អស់ សម្រាប់​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ ។ ឯកឧត្តម រុិត វុទ្ធី ប្រធាន​អង្គ​ប្រជុំ បាន​គូស​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃគម្រោង និង​ថ្លែង​អំណរ​គុណ​ចំពោះ​ដៃ​គូ​អភិវឌ្ឍន៍ ដែល​បាន​ផ្តល់ និង​បន្ត​ផ្តល់​ការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាលកម្ពុជា​ក្នុង​កិច្ច​អភិវឌ្ឍន៍ តាម​រយៈ​គម្រោង​ភាព​ជា​ដៃគូ​សម្រាប់​កិច្ច​អភិវឌ្ឍន៍​ដោយ​ផ្តោត​លើ​លទ្ធផល​-​ដំណាក់​កាលទី១ និងដំណាក់​កាល ទី២ នេះ ។ ទន្ទឹម​នឹង​នេះ តំណាង​ដៃគូ​អភិវឌ្ឍន៍ទាំង ៥ ក៏​បាន​បេ្តជ្ញា​បន្ត​ផ្តល់​ការ​គាំទ្រ​ដល់​គម្រោង​នេះ និងសន្យា​ផ្តល់​ហិរញ្ញប្បទាន ប្រមាណ ៧០០ ០០០ ដុលា្លរ​អាមេរិក ​សម្រាប់​ឆ្នាំ២០១៩ និងឆ្នាំ២០២០ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here