ខេត្តកំពង់ចាម៖ នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ យុវជនម្នាក់ ដែលបាននថតកាំភ្លើងវែង-ខ្លី២ដើម បង្ហោះសំញែងតាមបណ្ដាញសង្គម Facebook ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ជនសង្ស័យដែលមានគណនី Facebook ឈ្មោះ Kongkia VS ហើយបង្ហោះរូបភាពបង្អួតកាំភ្លើងសំញែងលើតាប្លូរថយន្តនោះមាន ឈ្មោះ លី វណ្ណៈ អាយុ២៧ឆ្នាំ មានទីលំនៅនៅភូមិ១ ផ្លូវ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរធ្វើការនៅក្រសួងមហាផ្ទៃ។
បន្ទាប់ពីឃើញយុវជនខាងលើបង្ហោះរូបភាពសំញ៉ែងកាំភ្លើងភ្លាម កម្លាំងសមត្ថកិច្ចក៏បានចេញប្រតិបត្តិការស្រាវជ្រាវស្វែងរកយុវជននោះ រហូតរកឃើញយុវជននោះនៅមុខវត្តត្រពាំងព្រះ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយបាននាំមកអធិការដ្ឋាន និងត្រួតពិនិត្យឆែកឆេរ លើរថយន្តម៉ាកឡង់រ៉ូវ៉ែ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2U-0199 ឃើញមានអាវុធ០២ដើម អាកាស្វាយវែង០១ដើម លេខ៤៣៦២ បង់មួយគ្រាប់គ្មាន និងអាវុធខ្លី០១ដើម ម៉ាក Pak លេខ០៨១៦.០០១០៤៨ បង់០១ គ្រាប់០៦។
ដោយឡែក អាវុធនេះជនសង្ស័យបានសារភាពថា កាំភ្លើងទាំងនោះជារបស់បងឈ្មោះ ហាក់ ប៉េងឃីម អាយុ៣៤ឆ្នាំ រស់នៅជាមួយគ្នា មានមុខរបរមន្ដ្រីនគរបាល ក្រសួងមហាផ្ទៃ។
ក្រោយសួរនាំអាវុធទាំងពីរដើម និងរថយន្តមួយគ្រឿងខាងលើ និងជនសង្ស័យនេះ គ្មានអត្តសញ្ញាណសម្គាល់អ្វីទាំងអស់ ហើយជនសង្ស័យបានធ្វើតេស្តទឹកម៉ូត រកសារធាតុញៀនឃើញថា វិជ្ជមាន (មានសារធាតុញៀន) ខណៈដែលខ្លួនជិះរថយន្តពីភ្នំពេញ មកចូលរួមការនៅភូមិព្រៃទទឹង។ ជនសង្ស័យនឹងត្រូវកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ប្រភព៖ Hemg Ly