នៅព្រឹកថ្ងៃទី១៣ ខែធ្នូ នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីពិភាក្សាអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយតាមសំណើរបស់តំណាងរាស្ត្រហត្ថលេខីចំនួន៨៧រូប របស់គណបក្សប្រជាជនកម្ពុជា ដើម្បីបើកផ្លូវឲ្យអតីតមន្ត្រីជាន់ខ្ពស់អតីតគណ បក្សសង្គ្រោះជាតិ មានសិទ្ធិធ្វើនយោបាយឡើងវិញ។
សម័យប្រជុំពេញអង្គរដ្ឋសភា នៅថ្ងៃទី ១៣ខែធ្នូនេះមានកូរ៉ុម សមាជិកសមាជិក រដ្ឋសភា ចូលរូមប្រជុំ ចំនួន១១៥រូប។
សូមជម្រាបថា ;តំណាងរាស្ត្រហត្ថលេខីចំនួន ៨៧រូប របស់គណបក្សប្រជាជនកម្ពុជា បានផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ ស្តីពីគណបក្សនយោបាយកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨។
ឯកឧត្តមបណ្ឌិតរដ្ឋជាម យៀប ប្រធានហត្ថលេខីសមាជិក សភា៨៧រូបបានថ្លែងថា ,សេចក្តីស្នើច្បាប់ស្តីពីវិសោជនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយនេះ ជាការបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) គឺ “បុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការសម្រេចហាម ឃាត់ធ្វើសកម្មភាពនយោបាយនេះ នឹង អាចទទួលបាននូវសិទ្ធិនយោបាយពេញ លេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈ ពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុង ករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិ សម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយកករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ”។
ឯកឧត្តមបណ្ឌិតរដ្ឋ បានបញ្ជាក់ថា,ច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានរដ្ឋ សភាពិភាក្សានិងអនុម័តដំបូង នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ដោយច្បាប់នេះដំបូងមានតែ៤៥មាត្រា និងបានធ្វើវិសោធនកម្មចំនួនពីរដង គឺវិសោធនកម្មលើកទី១ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០១៧ និងវិសោធនកម្មលើកទី២ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ។ ដោយការធ្វើវិសោធនកម្មច្បាប់នេះ នាពេលនោះ គឺជាការចាំបាច់ ដោយមានការគិតគូរជជែកគ្នាអំពីតំណាងរាស្ត្រ ឬសមាជិក ព្រឹទ្ធសភា ជាដើម ដើម្បីធ្វើយ៉ាងណាឲ្យវិសោធនកម្មនេះ សម្រាប់គល់ថ្វាយព្រះមហាក្សត្រ និងការទទួលខុសត្រូវរបស់គណបក្សនយោបាយនៅកម្ពុជាស្របតាមសភាពការណ៍វិវត្តជាក់ស្តែងរបស់សង្គមកម្ពុជាក្នុងការអនុវត្តគោលការណ៍លទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស ពង្រឹងសន្តិសុខ ឯករាជ្យ អធិបតេយ្យភាព។
ការធ្វើវិសោធនកម្មច្បាប់នេះ ជា លើកទី៣ គឺដើម្បីធានាភាពច្បាស់លាស់របស់បុគ្គល ដែលត្រូវបានតុលាការកំពូលសម្រេចហាមឃាត់ ការធ្វើសកម្មភាពនយោបាយ និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ដែលនៅជាធរមាន ដើម្បីលើក កម្ពស់ស្មារតីបង្រួបបង្រួមជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា៕