សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសឲ្យចូលកាន់តំណែងអភិបាលខេត្តសៀមរាបថ្មី

0
379

(សៀមរាប) នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ អភិបាលខេត្តសៀមរាបថ្មី ត្រូវបានរៀបចំពិធីប្រកាសឲ្យចូលកាន់តែតំណែងជាផ្លូវការ ដែលប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ផងដែរ។

អភិបាលខេត្តសៀមរាបថ្មី គឺឯកឧត្តម ទៀ សីហា ត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យមួយតែងតាំងជំនួសលោក ឃឹម ប៊ុនសុង។ ដោយឡែកឯកឧត្តម ឃឹម ប៊ុនសុង ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិថ្នាក់ នាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ បន្ទាប់ពីឯកឧត្តមត្រូវ បានចូលនិវត្តន៍ពីអភិបាលខេត្តសៀមរាប។

សូមជម្រាបថា ឯកឧត្តម ទៀ សីហា ជា​កូនទី២របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ហើយត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា​អភិបាលរង​ខេត្តសៀមរាប កាលពីខែសីហា ឆ្នាំ២០១៧។

ឯកឧត្តម ទៀ សីហា អតីតជាមន្ត្រីបម្រើការក្នុងកងយោធពលខេមរភូមិន្ទ មានឋានន្ដរស័ក្ដិថ្នាក់​​ឧ​ត្ត​ម​។ ក្រោយពេល​បញ្ចប់​ការសិក្សានៅប្រទេសបារាំង ឯកឧត្តម ទៀ សីហា បាន​វិលត្រឡប់​មកកាន់​មាតុភូមិ​វិញនា​ឆ្នាំ​២០០១ រួច​ចូល​បម្រើការ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។ ក្នុងពេល​បំពេញការងារ​ជា​មន្ត្រី​យោធា​នេះ ឯកឧត្តម​បាន​ឆ្លៀតពេល​បង្កើន​សមត្ថភាព​ផ្នែក​គ្រប់គ្រង នៅ​រាជបណ្ឌិត្យសភា​រដ្ឋបាល​ជាន់ខ្ពស់នា​ឆ្នាំ​២០០៧-២០០៨​។​

​នៅ​ឆ្នាំ​២០១០-២០១៣ ​ស្របពេល​វិវាទ​ដីធ្លីកំពុងតែ​កើតឡើង រាជរដ្ឋាភិបាល​បាន​បង្កើត​ក្រុមនិស្សិត​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី​នៅ​ទូទាំងប្រទេស ដើម្បី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ​។​ ឯកឧត្តម ក៏​ត្រូវបានចាត់តាំង​ជា​ប្រធាន​ក្រុមយុវជន​ស្ម័គ្រចិត្ត​ខេត្តសៀមរាប ដែល​នៅក្នុង​ដំណាក់​កាលនោះ ឯកឧត្តម​ត្រូវបានតែងតាំង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាខេត្តសៀមរាប​ផងដែរ​។​

​ឯកឧត្តម ទៀ សីហា ជា​នាយទាហានជាន់ខ្ពស់​ នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០១៩៨៦៤ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី ដោយ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១១ និង​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ ដោយ​ព្រះរាជក្រឹត្យចុះ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៤​។​

ឯកឧត្តម ទៀ សី​ហា ​ជាសមាជិក​គណៈកម្មាធិការ​កណ្តាល ​គណបក្ស​ប្រជាជន​កម្ពុជា។​ ​ក្រៅពី​បំពេញការងារ​ជា​នាយទាហានជាន់ខ្ពស់​ នៃ​កង​យោពល​ខេមរភូមិន្ទ និង​ការងារ​ផ្នែក​សង្គម​នៅតាម​បណ្ដា​មូលដ្ឋាន​នានា ជាមួយ​ក្រុមយុវជនរ​បស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឯកឧត្តម​ ទៀ សីហា តែងតែ​អមដំណើរ​ក្នុង​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស​របស់សម្ដេចពិជ័យសេនា ទៀ បាញ់។

ឯកឧត្តម ទៀ សីហា ក៏មានតួនាទីជាសមាជិកអចិន្ត្រៃយ៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលទើបនឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តក្នុងមហាសន្និបាតនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ៕ប្រភពFB

LEAVE A REPLY

Please enter your comment!
Please enter your name here