ភ្នំពេញ៖ ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជា
ជីវៈ និងកិច្ចការនារី នៃរដ្ឋសភា លោកជំទាវ ឡោក ខេង មានប្រសាសន៍ថា បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងទទួលរង នូវការកើនឡើងនៃជំងឺបេះដូង ដាច់សរសៃឈាម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺមហារីក និងជំងឺទឹកនោមផ្អែមជាដើម ហើយ ត្រូវបានព្យាករណ៍ថា វានឹងមានការកើនឡើងបន្ថែមទៀត។
លោកជំទាវប្រធានគណៈកម្មការរដ្ឋសភាលើកឡើងបែបនេះនៅក្នុងវេទិកាសភាស្តីពី តួនាទីសភាក្នុងការការ ពារ និងគ្រប់គ្រងជំងឺមិនឆ្លង ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា នាព្រឹកថ្ងៃទី២៦ សីហា នេះដោយលោកជំទាវបានគូសបញ្ជាក់ថា កត្តាហានិភ័យជាច្រើនរួមគ្នាដែលបង្កឱ្យកើតមានជំងឺមិនឆ្លងដូចជា ការ ប្រើប្រាស់ផលិតផលថ្នាំជក់ ការប្រើប្រាស់គ្រឿងស្រវឹង ភេសជ្ជៈដែលមានកម្រិតជាតិស្ករខ្ពស់ ម្ហូបអាហារគ្មានសុវត្ថិ ភាព ការបំពុលបរិស្ថាន និងកង្វះកាយវប្បកម្មជាដើម ហើយថា ជំងឺមិនឆ្លង គឺជាជំងឺរ៉ាំរ៉ៃ ដែលធ្វើឱ្យមានពិការភាព បាត់បង់ពលកម្ម ធ្លាក់ចូលទៅក្នុងអន្ទាក់នៃភាពក្រីក្រ ព្រោះគ្រួសារត្រូវចំណាយច្រើន និងប្រើរយៈពេលយូរក្នុងការ តាមដាន និងព្យាបាល។
ជំងឺមិនឆ្លងមិនត្រឹមតែធ្វើឱ្យសុខភាពបុគ្គលម្នាក់ដុនដាបនោះទេ តែវាជាបញ្ហាប្រឈមរួម ក្នុងគ្រួសារទាំងមូល ជាពិសេសប្រឈមក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ រាំងស្ទះដល់កំណើនសេដ្ឋ កិច្ច និងាការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងសង្គមទាំងមូលផងដែរ។
ដោយឡែកឯកឧត្តមសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា កម្ពុជាកំពុង ប្រឈមខ្លាំងចំពោះជំងឺមិនឆ្លងមានដូចជា ជំងឺទឹកនោមផ្អែម ឡើងសម្ពាធឈាម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជាដើម ហើយចំពោះការស្លាប់មុនអាយុកាលរំពឹងទុកដែលបណ្តាលមកពីជំងឺមិនឆ្លងកំពុងជាបញ្ហាគួរឱ្យព្រួយបារម្ភ ខណៈដែលកត្តាហានិភ័យនាំទៅរកជំងឺមិនឆ្លងកំពុងស្ថិតក្នុងនិន្នាការត្រូវប្រុងប្រយ័ត្នខ្ពស់។
សម្រាប់វេទិកាសភាស្តីពី តួនាទីសភាក្នុងការការពារ និងគ្រប់គ្រងជំងឺមិនឆ្លង ដើម្បីសម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជានាពេលនេះ ប្រធានរដ្ឋសភាស្តីទី ឯកឧត្តមបណ្ឌិត ងួន ញ៉ិល មានប្រសាសន៍ថា រដ្ឋសភានឹងបន្តចូលរួមចំណែកក្នុងបុព្វហេតុការពារ និងលើកកម្ពស់សុខភាព តាមរយៈការងារនីតិកម្ម ដែលជាការ ងារស្នូលរបស់ស្ថាប័ន ដើម្បីបង្កើតច្បាប់ និងបទដ្ឋានគតិយុត្តិនានា ដែលជួយសម្រួលដល់ការងារការពារ និង ទ្រទ្រង់ដល់សុខភាពពលរដ្ឋកម្ពុជា។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ថា ដោយយល់ច្បាស់ពីសារសំខាន់ក្នុងការការពារ សុខុមាលភាពពលរដ្ឋកម្ពុជា ជាពិសេស ការការពារ និងគ្រប់គ្រងជំងឺមិនឆ្លង រដ្ឋសភាកម្ពុជា ជាពិសេសគណៈកម្ម ការជំនាញបានយកចិត្តទុកដាក់ក្នុងការពិនិត្យតាមដាននូវសុខមាលភាពរបស់ប្រជាជនកម្ពុជា និងពិនិត្យតាមដាន នូវវិធានការ បទដ្ឋានគតិយុត្ត និងការខិតខំប្រឹងប្រែងនានារបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ បង្ការ និងការ ព្យាបាលជំងឺជូនពលរដ្ឋ៕
ដោយ៖ NCNDaily