ឯកឧត្តមបណ្ឌិត ងួន ញ៉ិល៖ វិស័យសន្តិសុខ និងការពារជាតិ មានសារៈសំខាន់ និងចាំបាច់បំផុតក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ នៅគ្រប់កាលៈទេសៈ

0
465

នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំលើកទី៤ រវាងគណៈកម្មការ/គណៈកម្មាធិការការពារជាតិនិងសន្តិសុខរបស់រដ្ឋសភា នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម នៅសណ្ឋាគារសុខារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ប្រធានស្តីទីរដ្ឋសភា បានមានប្រសាសន៍ថា វិស័យសន្តិសុខ និងការពារជាតិ មានសារៈសំខាន់ និងចាំបាច់បំផុតក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ នៅគ្រប់កាលៈទេសៈ។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្តថា សន្តិភាព សន្តិសុខ ស្ថិរភាព នយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ ជាកត្តាគន្លឹះដែលបង្កលក្ខណៈ អំណោយផលដល់ការជំរុញទាក់ទាញ និងបង្កើតឱកាសដល់ការធ្វើជំនួញ ការវិនិយោគ ទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម ដែលរួមចំណែកយ៉ាងធំធេង ដល់ការអភិវឌ្ឍប្រទេសយើងទាំងបី និងនិយាយដោយឡែក សម្រាប់ការជំរុញ និងគាំទ្រដល់កិច្ចអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដែលប្រទេសទាំងបីបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ សំដៅធ្វើឲ្យតំបន់នោះ ទៅជាតំបន់ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដើម្បីទទួលបាននូវកំណើន សេដ្ឋកិច្ចខ្ពស់ ឈានទៅលុបបំបាត់ ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះឲ្យកាន់តែមានភាពប្រសើរឡើង។

ទន្ទឹមនឹងការលើកឡើងនូវវឌ្ឍនភាពជាច្រើន ឯកឧត្តមបណ្ឌិតប្រធានស្តីទីរដ្ឋសភា ក៏បានមានប្រសាសន៍លើកឡើងពីបញ្ហាប្រឈមមួយចំនួន ដូចជា ការជួញគ្រឿងញៀន ការជួញដូរមនុស្ស ការនាំចេញ-នាំចូលទំនិញខុសច្បាប់ និងការកាប់ព្រៃឈើខុសច្បាប់ជាដើម ដែលតម្រូវឲ្យទាំងអស់គ្នា ទាំងស្ថាប័ន នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងភាគីពាក់ព័ន្ធដទៃទៀត បន្តការខិតខំរួមគ្នាដោះស្រាយ ជាពិសេសធ្វើឲ្យប្រាកដថា សន្តិសុខ សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈត្រូវបានធានា និងផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ចត្រូវបានចែករំលែកទៅដល់ប្រជាពលរដ្ឋទាំង អស់និយាយជារួម និងនិយាយដោយឡែកចំពោះពលរដ្ឋដែលកំពុងរស់ នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍។

ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានទាញការចាប់អារម្មណ៍ពីអង្គប្រជុំយកចិត្តទុកដាក់នូវចំណុចសំខាន់ៗ មួយចំនួន ក្នុងការបន្តពង្រឹងនិងលើកកម្ពស់ការតាមដាន ត្រួតពិនិត្យនូវការអនុវត្តច្បាប់ និងគោលនយោ បាយពាក់ព័ន្ធនានា ដើម្បីរួមចំណែកដល់ការថែរក្សាសនិ្តសុខ និងសណ្តាប់ធ្នាប់ សំដៅទប់ស្កាត់នូវរាល់បទឧក្រិដ្ឋឆ្លងដែននានា ធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពល រដ្ឋ វិនិយោគិន និងធុរៈជនទាំងឡាយ និងលើកកម្ពស់កម្រិតជីវភាព និងយុត្តិធម៌ សង្គមជូនប្រជាពលរដ្ឋនៅតំបន់ត្រីកោណអភិវឌ្ឍន៍។ បន្តជំរុញលើកទឹកចិត្ត និងគាំទ្រដល់រដ្ឋាភិបាលនៃប្រទេសទាំង៣ បន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង៣ ក្នុងការកៀរគរធនធានដើម្បីពន្លឿនការអភិវឌ្ឍន៍តំបន់ត្រីកោណ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជន និងដើម្បីប្រជាជន។ គណៈកម្មការជំនាញរបស់រដ្ឋសភានៃប្រទេសទាំង៣ និងភាគីពាក់ព័ន្ធ សូមបន្តជំរុញការចែករំលែក និងការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ដើម្បីដោះស្រាយឲ្យបានទាន់ពេល និងមានប្រសិទ្ធភាពចំពោះបញ្ហាសន្តិសុខ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការលាងលុយកខ្វក់ និងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ជាដើម។ ត្រូវបន្តខិតខំស្វែងរក និងលើកទឹកចិត្ត ដេីម្បីទាក់ទាញវិនិយោគទុនបរទេស និងកៀរគរមូលនិធិបន្ថែមទៀត ពីដៃគូអភិវឌ្ឍនានា ដើម្បីអភិវឌ្ឍតំបន់ត្រី កោណលើហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងបណ្តាញគមនាគមន៍ ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានលើកទឹកចិត្តដល់តំណាង រាស្រ្ត ជាពិសេសតំណាងរាស្រ្តនៃខេត្តទាំង១៣ នៅតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលជាអ្នកនៅផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋបន្តពង្រឹង និងបង្កើនទំនាក់ទំនងរវាងគ្នាឲ្យកាន់តែជិតស្និទ្ធ និងសកម្មថែមទៀត ដើម្បីលើកកម្ពស់តួនាទីភាពជាតំណាង ក្នុងការពាំនាំនូវបញ្ហាប្រឈម និងក្តីកង្វល់នានាដែលប្រជាពលរដ្ឋ នៅទីនោះបាន និងកំពុងជួបប្រទះ សំដៅអន្តរាគមន៍ និងដោះស្រាយទាន់ពេលវេលា។

ដោយឡែកនៅក្នុងចំណាប់អារម្មណ៍គន្លឹះរបស់ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភាកម្ពុជា ឯកឧត្តម ខាំស៊ុក វីនថាវង្ស ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខ នៃរដ្ឋសភាឡាវ ក៏ដូចជាឯកឧត្តម វ៉ក់ ចុកវៀត ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាវៀតណាម គឺសុទ្ធតែបានឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចសហការជិតស្និទ្ធ និងការអនុវត្តយ៉ាងល្អ នូវនុស្សរណៈយោគយល់គ្នា ដែលថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងបីបានដាក់ចេញ និងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកំណត់ហេតុ នៃកិច្ចប្រជុំរបស់គណៈកម្មការជំនាញវិស័យសន្តិសុខ និងការពារជាតិ ចាប់តាំងពីឆ្នាំ២០១៤ មក។ ការផ្លាស់ប្តូរទស្សនកិច្ចនៅគ្រប់កម្រិត និងការរៀបចំកិច្ចប្រជុំ ឬសិក្ខាសាលារួមគ្នារវាងគណៈកម្មការជំនាញរបស់រដ្ឋសភា នៃប្រទេសទាំងបី មិនត្រឹមតែបង្ហាញឱ្យឃើញពីការចែករំលែកនូវព័ត៌មាន និងបទពិសោធន៍ការងារជាក់ស្តែងក្នុងក្របខ័ណ្ឌសភាប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីការបន្តរឹតចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អ ដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមនិយម រហូតមកទល់ពេលបច្ចុប្បន្ន និងទៅអនាគតឲ្យកាន់តែប្រសើរថែមទៀត។

សូមជម្រាបថា កិច្ចប្រជុំលើកទី៤ រវាងគណៈកម្មការ/គណៈកម្មាធិការការពារជាតិនិងសន្តិសុខរបស់រដ្ឋសភា នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម នាពេលនេះគឺធ្វើឡើងក្រោមប្រធានបទស្តីពី “តួនាទី ភារកិច្ចក្នុងការពិនិត្យតាមដានរបស់គណៈកម្មការជំនាញរបស់រដ្ឋសភាទទួល បន្ទុកវិស័យការពារជាតិ និងសន្តិសុខ នៃប្រទេសទាំងបី ក្នុងការកសាងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ព្រំដែនមួយ ប្រកបដោយសន្តិភាព និងមិត្តភាព ” ។

ដោយ៖ វុនសុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here