ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា នៅព្រឹកថៃ្ងទី២៧ ខែសីហា ឆ្នាំ២០១៩ កម្រិតកម្ពស់ទឹកទន្លេមេគង្គ ១០,៩៨ ម៉ែត្រ ហើយ ។
កម្រិតកម្ពស់ទឹកទន្លេមេគង្គ-កំពង់ចាម ត្រឹមនេះ បានធ្វើអោយជន់លិចផ្លូវគ្រួសក្រហម ប្រវែងប្រមាណជា ៦០ម៉ែត្រ មានទីតាំងឆ្លងកាត់ពីឃុំរកាខ្នុរ ទៅឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ យ៉ាងណា កំណាត់ផ្លូវ ដែលត្រូវទឹកទន្លេជន់លិចនេះ ត្រូវបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្នសិន ។
ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានផ្សព្វផ្សាយរៀងរាល់ព្រឹក បង្ហាញថា នៅថ្ងៃទី២៧ ខែសីហានេះ បន្តដល់ថ្ងៃទី២៨-២៩-៣០ ខែសីហា កម្ពស់ទឹកនៅទន្លេមេគង្គ ទន្លេបាសាក់ និងនៅទន្លេសាប បន្តឡើងជាលំដាប់ ។ ប៉ុន្តែនឹងមិនឡើងដល់កម្រិតកម្ពស់ប្រុងប្រយ័ត្នឡើយ ។ ម្យ៉ាងទៀត បើធៀបនឹងកម្ពស់ទឹកទន្លេ កាលពីឆ្នាំមុន គឺនៅឆ្នាំនេះ កម្ពស់ទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទឹកទន្លេសាប នៅទាបជាងឆ្នាំមុននៅឡើយ។
ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨រួមមានស្ថានីយ ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង ៕