ក្រសួងបរិស្ថាន បានផ្តល់ព័ត៌មាននិងបំភ្លឺអំពីវត្តមានសត្វ “ព្រៀង” ឬ “ទំពុន

0
481

កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ Facebook ផ្លូវការរបស់ក្រសួងបរិស្ថាន បានផ្តល់ព័ត៌មាន​និងបំភ្លឺ​អំពីវត្តមានរបស់សត្វដែលមានរូបរាងដូចក្នុងវីដេអូ YouTube រួចមកហើយ ដោយបាន​ធ្វើ​ការ​សន្និដ្ឋាន​ជាបឋមថា​ ​​សត្វនេះមិនមែនជាដង្កូវគីនីឡើយ។

យោងតាមការសិក្សា និងការចុះទៅសាក​សួរ​​ព័ត៌មាន​បន្ថែមរបស់ក្រុមការងារនាយកដ្ឋានជីវៈចម្រុះ​ ពីប្រជា​នេសាទ និងមន្រ្តីឧទ្យានុរក្ស​នៅខេត្ត​កោះកុង និងខេត្តកំពត បានបញ្ជាក់ថា សត្វក្នុងវីដេអូនោះ ត្រូវបាន​អ្នកស្រុកកោះកុងហៅថាសត្វ “ព្រៀង” ចំណែក អ្នក​ស្រុកកំពត​ហៅ​ថា សត្វ “ទំពុន” ហើយសត្វនេះឃើញមានវត្តមាននៅក្នុង​តំបន់​ពាមសមុទ្រ ​មាត់សមុទ្រ និងព្រៃកោងកាង ម្តុំកោះ​​កាពិ កោះមូល កោះកុង ពាមក្រសោបក្នុងខេត្ត​កោះកុង និងតំបន់ទឹកភ្លាវដែលមាន​ដុះ​ព្រៃ​កោងកាង ចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីរួមខេត្ត​កំពត។​ ប្រជាជននៅតំបន់នោះបានបញ្ជាក់ថា​ សត្វ “ព្រៀង” ឬ “ទំពុន” គឺជាសត្វពេញវ័យរបស់ដង្កូវ ឬ ព្រូន ដូចមានក្នុង រូបទី១ និងទី២​ ដែលមានសម្បុរស រស់នៅ​ក្នុងសាច់ឈើនៃដើមកោងកាង ហើយនៅពេល​​​ពេញវ័យ វាមានរូបរាងដូចសត្វពស់ និងមាន​ប្រវែងរហូត​ដល់​ជិត៦០សម (រូបទី៣) ដូចគ្នាទៅនឹងហ្វូង​សត្វក្នុងវីដេអូ YouTube​។

សត្វ “ព្រៀង” ឬ “ទំពុន” គឺជាពពួកសិប្បីសត្វ (Mollusca)​។​ នៅប្រទេស​កម្ពុជា គេ​សង្កេ​តឃើញសត្វនេះពេញវ័យក្នុងរដូវភ្ជុំបិណ្ឌ ចន្លោះខែកញ្ញា និងតុលា និងបានហែល​ចេញ​ពីព្រៃកោងកាងក្នុងខណៈពេលទឹកនាច សំដៅទៅ​រកទឹកសមុទ្រ ជារៀង​រាល់ឆ្នាំ។

ដោយឡែកក្នុងឆ្នាំ២០១៨នេះ ដោយសារទឹកជោរឡើងខ្លាំងបណ្តាលឱ្យលិចព្រៃកោង​កាងច្រើន​​​ជាងឆ្នាំកន្លងទៅ ទើបគេសង្កេតឃើញវត្តមានសត្វ “ព្រៀង” ឬ “ទំពុន” ហែលចេញទៅ​សមុទ្រយ៉ាងច្រើន​កុះករ។ ប្រជានេសាទ និងមន្រ្តី​ឧទ្យានុរក្សក៏បានបញ្ជាក់​ដែរថា គេ​អាច​យក សត្វ “ព្រៀង” ឬ “ទំពុន” ដែលឋិតក្នុងដំណាក់កាលជាដង្កូវ មកធ្វើជាអាហារ ហើយព័ត៌មាននេះដូចគ្នាទៅ​នឹងព័ត៌មាន នៅក្នុងគេហទំព័រ https://www.instagram.com/p/BaEjqcnnWZS/… ​ដែរថាប្រជាជនរស់​នៅខេត្ត​ប៉ាឡាវាន់នៃប្រទេសហ្វីលីពីន ក៏បាន​ប្រមូល​សត្វ ​“ព្រៀង” ឬ “ទំពុន” មកធ្វើជាចំណីអាហារដែរ។

តាមការបញ្ជាក់របស់ប្រជានេសាទថា សត្វ “ព្រៀង” ឬ “ទំពុន” នេះ មិនបាន​បង្កផល​ប៉ះពាល់​អវិជ្ជមាន​ដល់មនុស្សឡើយ ផ្ទុយទៅវិញវាជា ចំណីរបស់​ពួក​មច្ឆា​សមុទ្រ នៅពេលវាពេញវ័យនិងបានហែលទៅដល់សមុទ្រ​ ហើយក៏ជាចំណីរបស់​មនុស្ស​​នៅពេលវាជាដង្កូវ​។

ទោះជាយ៉ាងណាក៏ដោយ​ទាំងនេះគ្រាន់តែជាព័ត៌មានដែលទទួលបានពីប្រជានេសាទ​ប៉ុណ្ណោះ ពុំទាន់​មានការ​សិក្សាច្បាស់លាស់ជាលក្ខណៈវិទ្យាសាស្រ្តនៅឡើយ ដោយសារតែនាយកដ្ឋាន​ជីវៈចម្រុះ​នៃ​អគ្គលេខា​ធិការ​ដ្ឋាន​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ពុំអាចប្រមូលសំណាក​សត្វ “ព្រៀង” ឬ “ទំពុន” មកធ្វើការកំណត់អត្តសញ្ញាណបាន ព្រោះសត្វនេះបានអស់វត្តមានចាប់ពីដើម​ខែវិច្ឆិកាម្ល៉េះ​​។​

នាយកដ្ឋាន​ជីវៈចម្រុះ នឹងធ្វើការសិក្សា​ស្រាវ​ជ្រាវឱ្យបានច្បាស់លាស់នៅឆ្នាំក្រោយប្រសិនបើមាន​ព្រឹត្តិការណ៍​បែប​នេះ​កើត​ឡើង​ម្តងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here