ភ្នំពេញ ៖ នៅលើលោកនេះ ពិតជាពិបាកទុកចិត្តមនុស្សណាស់ សូម្បីតែប្រពន្ធរបស់ខ្លួន ក៏ក្បត់សម្លាប់ប្តីរបស់ខ្លួនឯងដែរ ពិតជាសាហាវមែនមនុស្សស្រី រឿងរ៉ាវមួយបានកើតឡើង ធ្វើឲ្យលោកគ្រូបង្រៀនម្នាក់ ត្រូវបានគេបាញ់សម្លាប់កាលពីកណ្តាលអធ្រាត្រ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខនោះ ឥឡូវនេះប៉ូលិសស្រាវជ្រាវចាប់បានឃាតកឃើញនៅល្ងាចថ្ងៃទី២៩ ខែសីហានេះ ដែលជាឃាតកគឺនាងជាប្រពន្ធរបស់សពបានជួលឃាតកជាបក្ខពួកសម្លាប់ តែជនដៃដល់កំពុងរត់គេចខ្លួន។
ជនជាប់ចោទដែលសមត្ថកិច្ចបានចាប់ខ្លួនខាងលើ ឈ្មោះ ឃឿន ស៊ីហ៊ន ហៅស៊ី ហ៊ន ភេទស្រីអាយុ២៦ឆ្នាំ គ្មានមុខរបរស្នាក់នៅជាមួយប្តី(សពឈ្មោះ រឿន រតនា) នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្បែរកន្លែងកើតហេតុខាងលើ។
ជនសង្ស័យឈ្មោះ ឃឿន ស៊ីហ៊ន ត្រូវបានចាប់ខ្លួនក្រោយពេលប៉ូលិសជំនាញព្រហ្មទណ្ឌបានធ្វើការស៊ើបសួរស្រាវជ្រាវអ្នកជិតខាងរួមទាំងសាច់ញាតិខាងជនរងគ្រោះ(សព)បានដឹងតម្រុយមកថា កន្លងមកជនសង្ស័យជាប្រពន្ធរស់នៅមិនចុះសម្រុងនឹងគ្នាជាមួយប្តី (ជាជនរងគ្រោះ) ក៏ហៅមកសាកសួរ ដេញដោលជាច្រើន ចំណុចគួរឲ្យសង្ស័យដំបូងនាងបានកុហកប៉ូលិសថា ជនរងគ្រោះមកពីផ្ទះមិត្តភក្តិស្រី នៅព្រែកលៀប ប៉ុន្តែបងប្អូនខាងជនរងគ្រោះថា ជនរងគ្រោះទៅធ្វើបុណ្យនៅឯស្រុកកំណើតភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ទៅវិញ។
ទីបញ្ចប់នាងជនសង្ស័យជាប្រពន្ធបានសារភាពប្រាប់សមត្ថកិច្ចថា នាងជាអ្នករៀបចំផែនការបាញ់សម្លាប់ប្តីរបស់ខ្លួនឯង ដោយសារជនរងគ្រោះជាប្តីរស់នៅមិនចុះសម្រុងនឹងគ្នាទើបនាងសម្រេចចិត្តដូច្នេះ។ នាងបានបញ្ជាក់ថា កន្លងមកប្តីរបស់នាង (សព) មានទំនាស់ជាមួយនាងរស់នៅមិនចុះសម្រុងគ្នា ហើយក៏ធ្លាប់បានទំនាស់ពាក្យសំដីគ្នាជាមួយឈ្មោះ មករា ជាអតីតមិត្តប្រុសរបស់នាងផងដែរ ទើបនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នាងបានទូរស័ព្ទណាត់ជួបគ្នារៀបចំផែនការបាញ់សម្លាប់ប្តីខ្លួនដោយឲ្យបក្ខពួកមិត្តប្រុស(សាហាយ)ឈ្មោះ មករា មានកាំភ្លើងជាអ្នកធ្វើសកម្មភាពសម្លាប់។
នាងជនសង្ស័យបានបន្តថា លុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ខណៈដែលប្តីនាងបានទៅបុណ្យនៅឯស្រុកកំណើត ភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាងក៏បានទូរស័ព្ទឲ្យ សហាយ ត្រៀមរៀបចំខ្លួនធ្វើសកម្មភាព ដោយនាងបានទូរស័ព្ទបង្ខំប្តីឲ្យប្រញាប់មកផ្ទះ ហើយប្តីរបស់នាង (សព)បានប្រាប់នាងថា ម៉ោង១១យប់ទៅដល់ហើយ នៅពេលនោះនាងបានទូរស័ព្ទឲ្យឈ្មោះ មករា ចាំផ្លូវលុះពេលជនរងគ្រោះមកដល់កន្លែងស្ងាត់ជិតមណ្ឌលឱកាសខ្ញុំ ក៏បាញ់សម្លាប់តែម្តងរួចជិះគេចខ្លួន ដោយក្រោយពេលបាញ់សម្លាប់រួចឈ្មោះ មករា បានទូរស័ព្ទមកប្រាប់នាង បាញ់សម្លាប់រួចរាល់បានសម្រេចហើយ រួចបិទទូរស័ព្ទនិងគេចខ្លួនបាត់រហូតមកដល់ពេលនេះ។
នៅកន្លែងកើតហេតុប៉ូលិសបានឃើញសំបកគ្រាប់កាំភ្លើងខ្លីម៉ាកK54 ចំនួន០១គ្រាប់ ហើយនៅលើដងខ្លួនសាកសពជនរងគ្រោះមានស្នាមរបួសចំនួន២កន្លែងចំត្រង់ក្រោមឆ្អឹងជំនី សងខាង ដួលស្លាប់នៅលើផ្លូវក្បែរម៉ូតូម៉ាកស្កូពី ដែលជនរងគ្រោះជិះ។
ប៉ូលិសបានកំពុងស្រាវជ្រាវសាវតាជនសង្ស័យឈ្មោះ មករា នោះ ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះនិងក្រុមគ្រួសារ៕
ដក់ស្រង់ពី FB កែសម្រួលដោយ NCNDaily