(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តឹក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា អញ្ជើញចូលរួមជាអធិបតីភាព ក្នុងមហាសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំលើកទី៧ និងសម្ពោធការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា ២០១៨ របស់សមាគមអ្នកសាងសង់កម្ពុជា ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា មានប្រសាសន៍ថា កម្មវិធីថ្ងៃនេះ ជាពេលវេលាសម្រាប់ផ្ដល់ឱកាសឲ្យសហគ្រាសក្រុមហ៊ុន ដែលជាសមាជិកសមាគម និងក្រុមហ៊ុនជាតិ និងអន្ដរជាតិជាច្រើនផ្សេងទៀតបានជួបជុំគ្នា ដើម្បីផ្ដល់ប្ដូរយោបល់ និងចែករំលែកបទពិសោធន៍ និងចំណេះដឹងទៅវិញទៅមក។
ឯកឧត្តមបន្ដថា ជាពិសេសទទួលបានព័ត៌មានអំពីសកម្មភាព និងសមិទ្ធផលនានា ដែលសមាគមសម្រេចបាន ព្រមទាំងផ្ដល់ឱកាសដល់អតិថិជន ដែលបានចូលរួមទស្សនាមានអ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគលើវិស័យអចលនវត្ថុ អ្នកសាងសង់ និងអ្នកលក់សម្ភារ បានជួបពិភាក្សាគ្នាដោយផ្ទាល់អំពីតម្រូវការ និងអ្នកផ្គត់ផ្គង់ -ល-។ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បានបញ្ជាក់ផងដែរថា « ខ្ញុំសង្ឃឹមថា ធុរជនរបស់យើងទាំងអ្នកនៅក្នុងប្រទេស និងមកពីក្រៅប្រទេស នឹងឆ្លៀតយកកាលានុវត្ដភាពនេះ (ពិព័រណ៍) ដើម្បីកសាងទំនាក់ទំនង ភាពជាដៃគូរជាមួយគ្នា»។
ជាមួយគ្នានោះ ក្រសួងរៀបចំដែនដី ក៏សូមលើកទឹកចិត្ដដល់អ្នកប្រកបអាជីព និងធុរជនក្នុងវិស័យឧស្សាហកម្ម សំណង់ទាំងអស់ ដែលរួមមាន៖ ស្ថាបត្យករ វិស្វករ អ្នកប្រឹក្សាយោបល់ អ្នកគ្រប់គ្រងសំណង់ អ្នកសាងសង់ និងអ្នកអភិវឌ្ឍអចលនទ្រព្យ សុំឲ្យចូលរួមគោរពច្បាប់ និងបទប្បញ្ញត្ដិពាក់ព័ន្ធវិស័យសំណង់ ឲ្យបានត្រឹមត្រូវ ដើម្បីធានានូវសុវត្ថិភាព និងគុណភាពសំណង់នៅកម្ពុជាដូចជា៖
* ត្រូវមានលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋាន មុនពេលធ្វើការសាងសង់ និងត្រូវអនុវត្ដតាមប្លង់បច្ចេកទេសដែលបានអនុញ្ញាត និងបទប្បញ្ញត្ដិបច្ចេកទេសផ្សេងៗ ឲ្យបានត្រឹមត្រូវ។
* ក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ និងសិក្សាគម្រោងប្លង់ រួមទាំងក្រុមជាងសំណង់ទាំងអស់ ត្រូវមកស្នើសុំចុះបញ្ជីជាអ្នកប្រកបអាជីវកម្មស្របតាមច្បាប់ជាធរមាន។
* ត្រូវរៀបចំការដ្ឋានសាងសង់ឲ្យមានសណ្ដាប់ធ្នាប់ និងអនាម័យជាប្រចាំ និងការដ្ឋានសំណង់ទាំងអស់ពុំត្រូវដឹកបេតុង ដី និងសម្ភារសំណង់ធ្វើឲ្យជ្រុះ តាមដងផ្លូវសាធារណៈឡើយ។
* ការដ្ឋានសំណង់ទាំងអស់ត្រូវមានបំពាក់សម្ភារ និងឧបករណ៍សម្រាប់ការពារសុវត្ថិភាព និងសុខភាពជូនកម្មករទាំងអស់ ដែលធ្វើការក្នុងការដ្ឋាន -ល-។
ទន្ទឹមនឹងនោះដែរ ការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ២០១៨នេះ មានរយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ និងមានការចូលរួមដាក់តាំងផលិតផលផ្សេងៗ សរុប១៨៦ក្រុមហ៊ុន ដែលក្នុងនោះ មានស្ដង់ប្រមាណ៣១០ស្ដង់ និងផលិតផលប្រមាណជាង៦០០ប្រភេទ ដោយខ្លះជាផលិតផលក្នុងស្រុក និងមានខ្លះជាផលិតផល នាំចូលពីបណ្ដាលប្រទេសជាច្រើនលើពិភពលោក៕