នៅថ្ងៃពុធ ៦រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារក្រសួងបរិស្ថានកម្ពុជា បានបំពេញទស្សនកិច្ចនៅក្នុងសួនរុក្ខសាស្រ្តដ៏ធំមួយកន្លែងនៅកណ្តាលទីក្រុងម៉ូស្គូ សហព័ន្ធរុស្សី។
សួនរុក្ខសាស្រ្ត (Main botanical gardens Russian Academy of Sciences) គ្រប់គ្រងដោយបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី និងជារតនសម្បត្តិជាតិរបស់ប្រទេសនេះ ដោយបានបើកទ្វារ តាំងពីឆ្នាំ១៩៤៥ ហើយបានក្លាយជាសួនរុក្ខជាតិកណ្តាលទីក្រុងធំជាងគេបំផុតនាពេលបច្ចុប្បន្ន នៅទ្វីបអឺរ៉ុប។ សួនរុក្ខសាស្រ្តនេះគ្របដណ្តប់លើផ្ទៃដីចំនួនជាង៣៣០ ហិកតា និងជាធានាគារផ្ទុកដោយ ប្រភេទរុក្ខជាតិដែលបានដាំដុះជាង ជាង២ម៉ឺនប្រភេទ។
នៅក្នុងសួននេះ បណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី បង្កើតជាមន្ទីរពិសោធន៍ស្រាវជ្រាវវិទ្យាសាស្រ្ត លើរុក្ខជាតិ ក្រោមអាគារផ្ទះកញ្ចក់ដ៏ធំ ដែលសង់ឡើងស្របតាមអាកាសធាតុ ដែលសមស្របដល់រុក្ខជាតិដុះ នៅក្នុងប្រទេសរុស្សី និងយកមកពីជុំវិញពិភពលោក ជាពិសេសមានរុក្ខជាតិដែលដុះក្នុងតំបន់ត្រូពិក។ លើសពីនេះ សួនរុក្ខសាស្រ្ត ជាកន្លែងដ៏ពេញនិយមមួយសម្រាប់ការដើរកំសាន្ត និងការស្រូបយកនូវខ្យល់អាកាសបរិសុទ្ធរបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃផងដែរ។
ឯកឧត្តម សុខ គាង បានវាយតម្លៃខ្ពស់ចំពោះការបង្កើតជាសួនឧទ្យានរុក្ខជាតិកណ្តាលទីក្រុងម៉ូស្គូរបស់ប្រទេសរុស្សី ដែលថែរក្សាពូជរុក្ខជាតិគ្រប់ប្រភេទនៅជុំវិញពិភពលោក។ តាមរយៈទស្សនកិច្ចនេះ ឯកឧត្តមសុខ គាង បានលើកទឹកចិត្តឱ្យសមាជិកប្រតិភូនៃក្រសួងបរិស្ថានកម្ពុជា ដែលរួមមានថ្នាក់ដឹកនាំ និងប្រធានមន្ទីរបរិស្ថាន រាជធានី ខេត្តមួយចំនួន ពិនិត្យលើគម្រោងសិក្សាបង្កើតសួនរុក្ខសាស្រ្ត នៅតាមមូលដ្ឋានទីប្រជុំជនរបស់ខ្លួន ដើម្បីចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាការរស់នៅដោយចីរភាព។ លើសពីនេះ ឯកឧត្តម ក៍លើកឡើងពីអនាគតនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកម្ពុជា-រុស្សី ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងការស្រាវជ្រាវរបស់គ្រឹះស្ថានឧត្តមសិក្សា នៃប្រទេសទាំងពីរផងដែរ។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ក្រសួងធនធានធម្មជាតិ និងបរិស្ថាននៃសហព័ន្ធរុស្សី ប្រតិភូនៃក្រសួងបរិស្ថានកម្ពុជា បានចូលរួមកិច្ចប្រជុំលើកទី១ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគាំពារបរិស្ថាន ចាប់បីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្សី។ ក្រៅពីកិច្ចប្រជុំ ប្រតិភូបានសិក្សា ផ្លាស់ប្តូរបទពិសោធន៍ នៅតាមរោងចក្រកែឆ្នៃសំរាមសម្រាប់ធ្វើជីកំប៉ុស្តិ៍ រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់ ចេញពីទីក្រុងម៉ូស្គូ សួនរុក្ខជាតិកណ្តាលទីក្រុង និងកន្លែងធម្មជាតិ និងការគ្រប់គ្រងបរិស្ថានផ្សេងទៀត៕