(ខេត្តកែប) នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ គណ:កម្មការសាខាសមាគមនារីបានរៀបចំសិក្ខាសាលាស្តីពី ការពង្រឹងតួនាទីស្ត្រីក្នុងវិស័យបរិស្ថាន ក្រោមប្រធានបទ «និរន្តភាពនៃការគ្រប់គ្រងធនធានធម្មជាតិ» ក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ព្រមទាំងវត្តមានជាវាគ្មិនពីនាយកដ្ឋានចំណុះឱ្យអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងសិក្ខាកាមជា ស្ត្រីមកពីតាមបណ្តាអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តកែប ក្រុមការងារបច្ចេកទេសយេនឌ័រ គណ:កម្មការសម្របសម្រួលបច្ចេកទេសកុមារតូច និងក្រុមការងារយុវជនវិស័យបរិស្ថាន ប្រមាណ៥៩រូប។
លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការមានប្រសាសន៍ថា៖សម្រាប់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រសួងបរិស្ថានផ្តោតការយកចិត្តទុកដាក់លើ រដ្ឋបាល ទំនើប ដើម្បី ឆ្លើយតប នឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា និងពង្រឹងប្រសិទ្ធិភាពកាន់តែខ្លាំងលើ កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ ដើម្បីរួមចំណែកក្នុងការ អភិវឌ្ឍធនធានមនុស្ស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ចូលរួមបង្កើនសមត្ថភាព ដល់មន្រ្តីរាជការជាស្រ្តីនិងយុវជន ដើម្បីស្វែងយល់ពីយន្តការ នៃការ គ្រប់គ្រងធនធានធម្មជាតិ និងសហគមន៍ តំបន់ការពារធម្មជាតិ ដែលជាផ្នែកមួយ សំខាន់ ក្នុងការធ្វើឱ្យប្រសើរឡើង នូវនិរន្តរភាពនៃការគ្រប់គ្រងធន ធានធម្មជាតិ និងលើកកម្ពស់ជីវភាព ប្រជាសហគមន៍ ជាពិសេស ស្រ្តីដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ ។
ជាពិសេសអនុវត្តគោលនយោបាយ ស្តីពី «កិច្ចគាំពារមន្រ្តីរាជការក្រសួងបរិស្ថាន» ដើម្បីលើកកម្ពស់ស្ថានភាពជីវភាព សមត្ថភាព និងសុខមាលភាពតាមគ្រប់រូបភាព និងលទ្ធភាពដែលអាចធ្វើបានក្នុងបំណងជួយសម្រួលទុក្ខលំបាកផ្សេងៗ ជាពិសេសស្រ្តី និងមន្រ្តីរាជការដែលកំពុងបម្រើការងារក្នុងក្រសួងបរិស្ថាន រួមទាំងមន្រ្តីចូលនិវត្តន៍ផងដែរ។
សូមបញ្ជាក់ថា៖សិក្ខាសាលាមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃ២៩-៣០ ខែវិចិ្ឆកា ឆ្នាំ២០១៨ ក្នុងគោលបំណងសំខាន់ ដើម្បីបង្កើនសមត្ថភាពចំណេះដឹងរបស់មន្ត្រីរាជការជាស្រ្តីលើក្របខ័ណ្ឌនៃការចូលរួមគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តភាព យន្តការនៃការលើកទឹកចិត្តដល់ការចូលរួមរបស់ស្រ្តីលើការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ និងកសាងបណ្តាញ ទំនាក់ ទំនងការងាររបស់ស្រ្តីក្រសួងបរិស្ថានអោយកាន់តែមានប្រសិទ្ធិភាព៕