ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឱ្យរដ្ឋាករស្វយ័តដឹក ជញ្ជូនសាធារ ណៈរថយន្តក្រុងបន្តផ្ដល់សេវាដឹកជញ្ជូន ដោយឥតគិតថ្លៃរយៈពេល២ឆ្នាំបន្ថែមទៀត ជូនដល់ ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត និងកម្មករ កម្មការិនីទាំងអស់។
ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាស ដែលសម្តេចបានអញ្ជើញ បើកកិច្ច ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។
តាមលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាល បាន សម្រេចឱ្យរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បន្តផ្ដល់សេវា ដឹកជញ្ជូនដោយឥតគិតថ្លៃ រយៈពេល២ឆ្នាំបន្ថែមទៀត ជូនដល់ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត និងកម្មករ កម្មការិនីទាំងអស់»។
ជាមួយគ្នានេះដែរ សម្រាប់នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៩នេះដែរនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចបញ្ចេញរថយន្តក្រុង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទៅស្រុកកំណើត និងត្រលប់មករាជធានីភ្នំពេញវិញ ដោយមិនគិតថ្លៃផងដែរ។
នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ រាជរដ្ឋាភិបាលបានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀលក្នុងម្នាក់ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអណ្ដែត និងមន្ត្រីចូលនិវត្តន៍។
គួរជម្រាបថា រាល់ពិធីបុណ្យជាតិធំៗ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែផ្តល់ការជិះ រថយន្តក្រុង សាធារណៈ ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំនោះទេ តែក៏បានផ្តល់ជូនប្រជាពលរដ្ឋ នូវការជិះ រថភ្លើងទៅស្រុកកំណើត ក្នុងពេលបុណ្យចូលឆ្នាំថ្មី ដោយឥតគិតថ្លៃផងដែរ៕
ដក់ស្រង់ពី Freshnews កែសម្រួលដោយ NCNDaily