(ភ្នំពេញ) សហភាពសហព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ថា ស.ស.យ.ក មាន ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាននោះ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤របស់ខ្លួន នៅសណ្ឋាគារសុខាភ្នំពេញ។ ការបើកមហាសន្និបាតនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
ការរៀបចំមហាសន្និបាតលើកទី៤របស់សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានធ្វើឡើងចំខួប៤០ឆ្នាំ នៃកំណើតរបស់ខ្លួនផងដែរ។ មហាសន្និបាតនេះ មានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកមកពីទូទាំង២៥ រាជធានី-ខេត្តចំនួនប្រមាណ ១,៣០០នាក់។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា ៖មហាសន្និបាតនេះ ធ្វើឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ មហាសន្និបាតនេះធ្វើឡើងដោយផ្តោតការយកចិត្តទុកដាក់លើការបូកសរុបការងារឆ្នាំ២០១២-២០១៨ និងទិសដៅការងារឆ្នាំ២០១៨-២០២០ ព្រមទាំងការបោះឆ្នោតជ្រើសតាំងសមាជិក ជាមួយកិច្ចពិភាក្សា និងការអនុម័តលើការកែប្រែលក្ខន្តិកៈនៃសហភាព សហព័ន្ធយុវជនកម្ពុជាផងដែរ ។
មហាសន្និបាតរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នឹងមានការអញ្ជើញផ្តល់កិត្តិយសបិទមហាសន្និបាតដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា៖ សហភាពសហព័ន្ធយុវជនកម្ពុជា ជារណសិរ្សទូលំទូលាយនៃយុវជនកម្ពុជា ដែលបានបន្តបេសកកម្មពីសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសមាគមយុវជនកម្ពុជា ដែលបានបដិសន្ធិនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងគោលដៅសំខាន់បំផុត ដើម្បីប្រមូលផ្តុំយុវជនគ្រប់ទិសទី ជាមហាកម្លាំងសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជា ជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ៕