រដ្ឋសភាសម្ពោធ និងផ្សព្វផ្សាយសៀវភៅកំណត់ហេតុរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានឈ្មោះថា ការតស៊ូរបស់ប្រជាជនៈ កម្ពុជារស់ឡើងវិញ

0
342

នៅព្រឹកថ្ងៃចន្ទនេះរដ្ឋសភាបានរៀបចំពិធីសម្ពោធ និងផ្សព្វផ្សាយសៀវភៅកំណត់ហេតុ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលមានឈ្មោះថា ការតស៊ូរបស់ប្រជាជនៈ កម្ពុជារស់ឡើងវិញ ដែលសៀវភៅកំណត់ហេតុបែបប្រវត្តិសាស្ត្រនេះត្រូវបានបោះពុម្ពជា ភាសាអង់គ្លេស រៀបរាប់អំពីការតស៊ូរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅក្នុង ដំណើររំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត ការចូលរួមស្ដារ និងអភិវឌ្ឍប្រទេសជាតិ ឡើងវិញក្រោយភ្លើងសង្គ្រាមបានរលត់ទៅ។


ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែល ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងពិធី សម្ពោធសៀវភៅខាងលើនេះមានប្រសាសន៍ថា សៀវភៅនិយាយពីដំណើរតស៊ូដើម្បីបុព្វ ហេតុជាតិ និងប្រជាជនរបស់សម្តេចពញាចក្រី ហេង សំរិន គឺបានបង្ហាញពីការពិតនៃសង្គ្រាម នៅកម្ពុជាដល់អ្នកអាន និងកូនខ្មែរជំនាន់ក្រោយដែលចង់សិក្សាឈ្វេងយល់ពីប្រវត្តិសាស្ត្រ ខ្មែរ ជាប្រវត្តិនៃការតស៊ូរំដោះប្រទេសជាតិរបស់ឥស្សរជនស្នេហាជាតិ និងដំណើរស្តារកម្ពុជា ឡើងវិញក្រោយរបបប្រល័យពូជសាសន៍ ដែលបានដួលរលំទៅកាលពី៤០ឆ្នាំកន្លងទៅនេះ។


ក្នុងឱកាសនេះ លោកជំទាវ មាន សំអាន សមាជិកាព្រឹទ្ធសភាដែលជាអ្នកបានចូលរួម ក្នុងចលនារំដោះប្រទេសជាតិមួយរូបបានរៀបរាប់ទាំងទឹកភ្នែកអំពីប្រវត្តិនៃការតស៊ូរបស់ប្រជា ជនកម្ពុជា និងឥស្សរជននៅក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយលំបាក លំបិនជាស្ទើររកទីបំផុតគ្មាន ដែលកូនខ្មែរគ្រប់រូបត្រូវតែចងចាំ និងរួមគ្នាទប់ស្កាត់កុំឲ្យរបបដ៏ សាហាវយង់ឃ្នងបែបនេះវិលត្រឡប់មកជាថ្មីម្តងទៀត។ លោកជំទាវបានកោតសរសើរជាពន់ ពេកចំពោះវីរភាពរបស់សម្តេចទាំងបីគឺសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ក្នុងការដឹកនាំចលនាតស៊ូរំដោះប្រទេសជាតិរហូតសម្រេចបានជោគជ័យយ៉ាងធំធេងនា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។


សូមជម្រាបជូនថា៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រសូត្រក្នុងគ្រួសារកសិករ នៅទីជនបទមួយក្នុងខេត្តកំពង់ចាម ក្នុងឆ្នាំ១៩៣៤ សម្តេចគឺជាស្ថាបនិកចលនាមហាជនដ៏ធំ មួយឈ្មោះថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលក្រោយមកបានប្តូរឈ្មោះជា រណ សិរ្សអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានបង្កើតឡើងនៅក្នុងសមាជមួយនៅខេត្តក្រចេះកាលពី ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ ផ្តើមចេញពីខេត្តក្រចេះនេះហើយដែលសម្តេច ហេង សំរិន បាន ប្រកាសផែនការ១១ចំណុច ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ដោយធ្វើ ឲ្យសម្រេចបាននាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការសហការជាមួយកងទ័ពស្ម័គ្រចិត្ត វៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here