ភ្នំពេញ៖ ក្រុមអ្នកជំនាញអចលនទ្រព្យបានអះអាងថា តម្លៃដីធ្លីបានបន្តកើនឡើងនៅឆ្នាំនេះ ដោយសារកត្តាមួយចំនួនដែលធ្វើឲ្យចរន្តនៃការទិញលក់ដីធ្លីកើនឡើង ខណៈឆ្នាំ២០២០បាននិងកំពុងរំកិលបណ្តើរៗចូលមក ដែលធ្វើឲ្យគេនឹកឃើញពីវិបត្តិថ្មីមួយអាចនឹងមកដល់។
ប្រធានសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា វិស័យដីធ្លី មិនថានៅពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគតនោះទេ សន្ទស្សន៍នៃតម្លៃគឺនៅតែមានកំណើនជានិច្ច ដែលវាមិនទាន់មានសញ្ញាអវិជ្ជមានណាមួយបង្ហាញនៅឡើយនោះទេ។
ជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះយើងឃើញស្រាប់ហើយថា ចំពោះតម្លៃដីធ្លី គឺកំពុងតែមានកំណើនជាបន្តបន្ទាប់ ដែលក្នុងនោះរាប់ទាំងដីនៅក្នុងតំបន់ក្រុង ក៏ដូចជានៅជាយក្រុង ហើយនៅតាមបណ្តាខេត្តសក្ដានុពលមួយចំនួន ក៏កំពុងកើនឡើងយ៉ាងគំហុកផងដែរ ដូចជា ខេត្តព្រះសីហនុ កំពត កោះកុង បាត់ដំបង និងក្រុងប៉ោយប៉ែត ជាដើម”។
លោកបន្តទៀតថា “ប្រសិនបើកម្ពុជាអាចរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច និងនយោបាយដូចពេលបច្ចុប្បន្ននេះ សម្រាប់៥-១០ ឆ្នាំខាងមុខទៀត តម្លៃដីនៅតែបន្តកើនឡើង ដែលគិតជាមធ្យមអាចក្នុងរង្វង់ជាង១០ភាគរយ ហើយចំពោះដីដែលស្ថិតក្នុងតំបន់ពាណិជ្ជកម្មពិសេស ដូចជាតំបន់ទីប្រជុំជនក្នុងខេត្ត ឬក្នុងក្រុង អាចមានកំណើនតម្លៃខ្ពស់ជាងនេះទៅទៀត”។
លោកបន្ថែមទៀតថា ចំពោះវិបត្តិសេដ្ឋកិច្ចដែលអាចកើតឡើងឬអត់ វាមិនទាន់មកដល់នៅឡើយទេ ហើយកម្ពុជាក៏មិនប្រឈមបញ្ហាធ្ងន់ធ្ងរនោះដែរ ដោយសារទីផ្សារកម្ពុជាបានពង្រីកជាមួយបណ្តាប្រទេសកាន់តែច្រើន (ក្រៅពីចិន) ដូចជា ជប៉ុន កូរ៉េ និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ហេតុនេះវាមិនមានអ្វីគួរឲ្យបារម្ភឡើយ។
លើកឡើងស្រដៀងគ្នាននេះ អ្នកនាងអាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងថា យើងពិតជាមានមោទនភាពរួចមកហើយ ដែលក្នុងរយៈពេល១០ឆ្នាំកន្លងទៅ តម្លៃដីធ្លីបានកើនឡើងរហូតដល់២២៥ភាគរយ ពោលគឺកាលពីអំឡុងឆ្នាំ២០០៨ តម្លៃដីដែលអាចលក់បានខ្ពស់ជាងគេត្រឹម២៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ ប៉ុន្តែនៅត្រឹមឆ្នាំ២០១៨នេះ តម្លៃដីដែលខ្ពស់នបានឡើងរហូតដល់៦៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយវានឹងបន្តកើនឡើ់ងខ្ពស់ជាងនេះទៀតនៅពេលខាងមុខនេះ។
អ្នកនាងបានបន្តថា “បើយើងធ្វើការព្យាករណ៍ទៅថ្ងៃអនាគត ក្នុងចន្លោះចាប់ពី៥-១០ឆ្នាំខាងមុខទៀត តម្លៃដីនៅកម្ពុជានៅតែមានការកើនឡើងខ្ពស់ដដែល ដែលអាចក្នុងចន្លោះជាង៧ភាគរយឡើងទៅ”។ អ្នកនាងបន្តថា “កំនើនតម្លៃដីធ្លីជាមធ្យម៧ភាគរយនេះមិនមែនមានន័យថា ជាអត្រានៃកំណើនថេរប្រចាំឆ្នាំនោះទេ ប៉ុន្តែវាអាចមានឆ្នាំខ្លះឡើងបាន៥ភាគរយ ឆ្នាំខ្លះឡើងបាន៧ភាគរយ ហើយឆ្នាំខ្លះឡើងបានត្រឹម៣ភាគរយ”។
ការព្យាករណ៍ចេញជាតួលេខនេះ ក៏ព្រោះយើងសម្អាងទៅលើភាពជាក់ស្ដែង នៃតម្រូវការទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន នៅកម្ពុជាធៀបទៅនឹងប្រទេសជិតខាងក្នុងតំបន់ ជាពិសេសប្រទេសថៃ ដែលកំពុងមានលំហូរវិនិយោគយ៉ាងគំហុកពីសំណាក់អ្នកវិនិយោគក្នុងស្រុក ក៏ដូចជាជនបរទេស ជាពិសេសជនជាតិចិនជាដើម។
ជាមួយគ្នានេះ អ្នកនាង អាន សុធីតា ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ហេតុផលមួយចំនួនទៀត ដែលជាកក្តាជំរុញឱ្យវិស័យដីធ្លីកាន់តែឡើងតម្លៃខ្លាំង ក៏អាចបណ្តាមកពីដំនើរការវិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេសការរីកចម្រើនប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលបាននិងកំពុងវិនិយោគដោយរដ្ឋាភិបាល៕
ដកស្រង់ពី propertyarea កែសម្រួលដោយ NCNDaily