នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមី និងពោត (សូដ្យូមស៊ីត្រាត) លើផ្ទៃដី ទំហំ ៣៤,៦១ ហិកតា ដែលមានទីតាំងស្ថិតនៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង របស់ក្រុមហ៊ុន WANG KANG BIOCHEMICAL CO., LTD. ព្រមទាំងសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង សង្គមដំបូង (IESIA) ដោយក្រុមហ៊ុនទីប្រឹក្សា RCBCC CO., LTD. ។
កិច្ចប្រជុំនេះបានផ្តោតសំខាន់ និង តម្រូវឱ្យមានការសិក្សា បន្ថែមទៅលើ៖ (១). ក្របខ័ណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងៗដែលពាក់ព័ន្ធនឹងគម្រោង (២). ការងារបច្ចេកទេស និងសកម្មភាពនៃគម្រោង ដូចជា ផែនការប្រើប្រាស់វត្ថុធាតុដើម (ដំឡូងមី) និងផែនការផលិតសូដ្យូមស៊ីត្រាតឱ្យបានច្បាស់លាស់ ស្របទៅតាមផែនការប្រចាំឆ្នាំជាក់ស្តែង (៣). បញ្ជាក់ឡើងវិញ អំពីការប្រើប្រាស់អុស និងអង្កាម ដើម្បីដុតនៅក្នុងឡចំហាយ ព្រម ទាំងប្រភពរបស់វា (៤). ផែនការប្រើប្រាស់ទឹកពីអូរជីនាង និងការសុំ អាជ្ញាបណ្ណទឹកពីក្រសួងធនធានទឹក និង ឧតុនិយម ឬពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បាត់ដំបង ដើម្បីកំណត់ពីសមាមាត្រ នៃការប្រើប្រាស់ទឹក ស្របទៅតាមស្ថានភាពខ្សែទឹកខាងលើ និងខ្សែទឹកខាងក្រោម (៥). ផែនការគ្រប់គ្រងសំណល់ រឹង ជាពិសេស សំណល់ភក់ឱ្យបានច្បាស់លាស់ (៦). ផែនការគ្រប់គ្រងសំណល់រាវ ដែលត្រូវស្តុកនៅក្នុងស្រះស្តុកទឹក ចំនួន ០២ ដែលត្រូវធ្វើប្រព្រឹត្តកម្មបែបជីវសាស្រ្ត ហើយ មិនត្រូវបង្ហូរទៅ ក្នុងអូរជីនាង ដោយត្រូវយកមកប្រើប្រាស់ឡើងវិញ សម្រាប់ស្រោចដើមឈើ និង រុក្ខជាតិ ដែលមាននៅក្នុងបរិវេណរោងចក្រ ក្នុងករណីក្រុមហ៊ុនមានផែនការចង់បង្ហូរសំណល់រាវ ទៅក្នុងអូរជីនាង គឺត្រូវសម្អាតសំណល់រាវ ជាមុនសិន ដោយអនុលោមតាម ស្តង់ដាររបស់ក្រសួងបរិស្ថានឱ្យបានត្រឹមត្រូវ (៧). ផែនការដាំដើមឈើបន្ថែមនៅក្នុងបរិវេណរោងចក្រ ដើម្បីបន្ថយការបំពុ លខ្យល់ សំឡេង និង រំញ័រ ដែលអាចរំខានដល់ប្រជាពលរដ្ឋរស់នៅ ជុំវិញ តំបន់គម្រោង (៨). ផែនការគ្រប់គ្រងសុខភាព និងសុវត្ថិភាពរបស់បុគ្គលិកនិងកម្មករ (៩). ផែនការគ្រប់គ្រងការ ដឹក ជញ្ជូន ដែលពាក់ព័ន្ធ នឹងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើត មានឡើងដោយចៃដន្យដល់ប្រជាពលរដ្ឋរស់នៅក្បែរតំបន់គម្រោង និង (១០). សិក្សានិងបញ្ចូលបន្ថែមនូវចំណុចខ្វះខាត ដែលអង្គប្រជុំបានផ្តល់យោបល់នៅក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងនេះ ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និង ដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តបាត់ដំបង មន្ទីរបរិស្ថានខេត្ត បាត់ដំបង នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ៕