ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អនុញ្ញាតឱ្យលោកស្រី មុទិតា ចំរើន តំណាងធនាគារពិភពលោកចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

0
351

នៅទីស្ដីការក្រសួង ថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឱ្យលោកស្រី មុទិតា ចំរើន តំណាងធនាគារពិភពលោក ចូលជួបសម្ដែងការគួរ និងពិភាក្សាការងារស្ដីពីការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានសម្ដែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូធនាពិភពលោក ដែលបានចុះវាយតម្លៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការចូលរួមចំណែកផ្តល់ដីដល់ប្រជាពលរដ្ឋក្រីក្រគ្មានដីដើម្បីកែលម្អជីវភាពរបស់ពួកគេឱ្យបានល្អប្រសើរ និងរួមចំណែកកាត់ន្ថយភាពក្រីក្រក្នុងប្រទេសផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ជាពិសេសគម្រោងត្រូវផ្តោតលើកិច្ចការពារដីសម្បទានសង្គមកិច្ចឱ្យបានគង់វង្ស ជៀសវាងការលក់ដី ឬដោះដូរដីដែលរាជរដ្ឋាភិបាលបានចែកជូន ធ្វើយ៉ាងនេះសម្បទានិកអាចទាញយកផលកសិកម្មពីដីផង និងទុកចែកជូនដល់កូនចៅជំនាន់ក្រោយមានដីធ្វើស្រែចំការផង។

គម្រោងត្រូវតែបង្កើតឱ្យមាននូវផ្សារផលិតផលធម្មជាតិ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋមូលដ្ឋានមានទីតាំងគ្រប់គ្រាន់សម្រាប់លក់ផលិតផលរបស់ខ្លួន តភ្ជាប់ពីកសិដ្ឋានទៅផ្សារសហគមន៍ និងនាំដល់តម្រូវការនៅផ្សារក្នុងតំបន់ផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានស្នើសុំឱ្យមានការគាំទ្របន្តទៀតពីសំណាក់ធនាគារពិភពលោក ក្នុងការពង្រីកគម្រោងបែបនេះទៅទីតាំងផ្សេងទៀតដែលសំបូរទៅដោយប្រជាពលរដ្ឋក្រីក្រគ្មានដី។

ជាការឆ្លើយតប លោកស្រី មុទិតា ចំរើន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានអនុវត្តគម្រោងនេះសម្រេចលទ្ធផលដ៏ត្រចះត្រចង់ និងជាគម្រោងមួយដែលអាចជាគំរូសម្រាប់គម្រោងដទៃទៀត ដោយលទ្ធផលរបស់គម្រោងឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។

សម្បទានិកភាគច្រើនទទួលបាននូវជីវភាពធូរធា ក្រោយពីទទួលបានដី កសិកម្ម និងដីលំនៅឋាន និងកិច្ចអន្តរាគមន៍ផ្សេងៗទៀតពីរាជរដ្ឋាភិបាល ដើម្បីជួយទ្រទ្រង់ជីវភាព ជាពិសេសការប្រើប្រាស់ដីចំទិសដៅសម្រាប់ផលិតផលកសិកម្ម។ ជាមួយគ្នានេះ លោកស្រីក៏បានកោតសរសើរចំពោះការដឹកនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងពាក់ព័ន្ធផ្សេងទៀត ហើយលោកស្រីបានសន្យាថានឹងបន្តការគាំទ្រគម្រោងនេះបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការធ្វើឱ្យ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេស កាន់តែប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា ចាប់ពីពេលចាប់ផ្ដើមមកដល់បច្ចុប្បន្ននេះ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) បានផ្ដល់ប័ណ្ណកម្មសិទ្ធិជូនសម្បទាននិកបានចំនួន ១៦៩៥គ្រួសារ ក្នុងចំណោមសម្បទានិកចំនួន ៤១៤៣គ្រួសារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here