ឯកឧត្តម អ៊ាង សុផល្លែត បើកកិច្ចប្រជុំពិភាក្សា ការអនុវត្តកម្មវិធីកសាងសមត្ថភាពស្តីពីស្លាកសញ្ញាបរិស្ថានសម្រាប់កម្ពុជា

0
421

(ភ្នំពេញ) នាព្រឹកថ្ងៃអង្គារ ៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំពិភាក្សាបូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីកសាងសមត្ថភាពស្តីពីស្លាកសញ្ញាបរិស្ថានសម្រាប់កម្ពុជា (Eco-Labelling Capacity Building for Cambodia)។ កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តទៅដោយមានការចូលរួមពីមន្ត្រីមកពីក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងមជ្ឍមណ្ឌលផ្តល់វិញ្ញាបនបត្រស្លាកសញ្ញាបរិស្ថានចិន (China Environmental United Certification Center-CEC)។

បន្ទាប់ពីស្តាប់នូវរបាយការណ៍សង្ខេប និងចំណាប់អារម្មណ៍របស់តំណាងភាគីចិន ឯកឧត្តមរដ្ឋលេខាធិការបានស្វាគមន៍គណៈប្រតិភូចិន ក្នុងដំណើរបេសកកម្មមកកម្ពុជា និងសម្តែងនូវអំណរគុណចំពោះជំនួយឧបត្ថម្ភលើការកសាងសមត្ថភាពបច្ចេកទេសដល់មន្ត្រីកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថាតាមរយៈវគ្គបណ្តុះបណ្តាលកន្លងមក មន្ត្រីកម្ពុជាទទួលបាននូវចំណេះដឹង និងបទពិសោធន៍ល្អៗ ស្តីពីស្លាកសញ្ញាបរិស្ថាន ដែលជាធាតុចូលសម្រាប់ការកសាងឯកសារក្នុងបរិបទកម្ពុជា។ ជាមួយនេះ ឯកឧត្តមរដ្ឋលេខាធិការជំរុញឱ្យមន្ត្រីសម្របសម្រួលកម្មវិធីទាំងកម្ពុជា និងចិនបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់រឹងមាំបន្ថែមទៀត ជាពិសេសលើបច្ចេកវិទ្យានិងសមត្ថភាពវាយតម្លៃ ការធ្វើតេស្តពិសោធន៍ផលិតផលបៃតង និងការងារស្លាកសញ្ញាបៃតង (Eco-Labelling)។

សូមបញ្ជាក់ជូនថា កន្លងមក ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង មជ្ឈមណ្ឌលផ្តល់វិញ្ញាបនបត្រស្លាកសញ្ញាបរិស្ថាន (ក្រសួងអេកូឡូស៊ី និងបរិស្ថាន​ នៃសាធារណរដ្ឋប្រជាមានិតចិន) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការរៀបចំស្លាកសញ្ញាបរិស្ថានសម្រាប់កម្ពុជា (នៅទីក្រុងប៉េកាំង) ដល់មន្ត្រីជំនាញក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែនិងថាមពល និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សរុបចំនួន ២៥រូប៕ប្រភពFB

LEAVE A REPLY

Please enter your comment!
Please enter your name here