(ព្រះសីហនុ) ក្រុមហ៊ុនរបស់លោកឧកញ៉ា ទៀ វិចិត្រ នឹងសាងសង់សណ្ឋាគារលំដាប់ផ្កាយមួយ កន្លែងនៅអូរ៣ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ និងសាងសង់អាគារផ្សារ ទំនើបលំដាប់ អន្តរជាតិមួយកន្លែងទៀតនៅក្បែរនោះផងដែរ។
ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃទី១៣វិច្ឆិកា២០១៨នេះ លោកឧកញ៉ាទៀ វិចិត្របញ្ជាក់ថា សណ្ឋាគារលំដាប់ផ្កាយមួយនេះសាងសង់កំពស់១៨ជាន់ មានបន្ទប់ស្នាក់នៅចំនួនជាង៣០០បន្ទប់ និងបំពាក់បន្ថែមនូវហេដ្ឋារចនាសម្ពន្ធ័មួយចំនួនទៀតសម្រាប់ភ្ញៀវដែលមកសំរាក។
សណ្ឋាគារមួយនេះនឹងគ្រោងសាងសង់រយៈពេល២ឆ្នាំ ដោយចំណាយថវិកាវិនិយោគលើការសាងសង់ជាង១៤លានដុល្លាអាមេរិក។ បើតាមលោកឧកញ៉ាទៀ វិចិត្រមានប្រសាសន៍បន្ថែមថា ការវិនិយោគសាងសង់សណ្ឋាគារខ្នាតធំមួយនេះ គឺជាការចូលរួមចំណែកអភិវឌ្ឍន៍វិសយ័ទេសចរណ៍ក្នុងខេត្តព្រះសីហនុ ក្នុងពេលដែលបច្ចុប្បន្ននេះតម្រូវការបន្ទប់ស្នាក់នៅសម្រាប់ភ្ញៀវមកកាន់ខេត្តព្រះសីហនុ មានការខ្វះខាត ស្របពេលដែលកំណើនអ្នកវិនិយោគពីបរទេសកើនឡើងច្រើន និងថាគម្រោងនេះគឺជាគម្រោងទី២ក្នុងវិសយ័ទេសចរណ៍ បន្ទាប់ពីក្រុមហ៊ុនរបស់លោកឧកញ៉ាបានស្ថាបនារមណីយ៍ដ្ឋានម៉ាហ្វីយ៉ារីសតនៅឆ្នេរឋានសួគ៍កោះរ៉ុង។
សម្រាប់ប្រតិបត្តិការសេវាកម្មសណ្ឋាគារនេះ បើតាមលោកឧកញ៉ាបញ្ជាក់ថា ធ្វើឡើងដោយផ្តោតជាសំខាន់សម្រាប់បម្រើសេចក្តីត្រូវការរបស់ពលរដ្ឋនិងអ្នកទេសចរណ៍ជាតិដែលមកលេងកំសាន្តក្នុងក្រុងព្រះសីហនុ៕ ប្រពភFB