(ភ្នំពេញ) បញ្ហាសន្តិសុខនៅតែជាកង្វល់របស់ប្រជាពលរដ្ឋ ខណៈនៅក្នុងមូលដ្ឋានរបស់ពួក គាត់នៅ តែប្រឈមនៅបញ្ហានេះ ដូចជាករណីគ្រឿងញៀន បញ្ហាចោរលួច ចោរឆក់ ចោរប្លន់ បញ្ហាល្បែងស៊ីសង (កត់កន្ទុយលេខ)ជាដើម ដែលបញ្ហានេះ ពួកគាត់សូមអោយអាជ្ញាធរនិងសមត្ថកិច្ចជួយទប់ស្កាត់ ធ្វើយ៉ាងណាអោយភូមិ សង្កាត់របស់ពួកគាត់មានសុវត្ថិភាព។
ការបង្ហាញពីកង្វល់ទាំងនេះបានកាលពី ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះក្នុងវេទិកា សាធារណៈ មួយនៅខណ្ឌ សែនសុខ ដែលកម្មវិធីនេះរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានី និងមន្ត្រីនៃរដ្ឋបាល រាជធានីភ្នំពេញ ព្រមជាមួយ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានទាំងអស់ផងដែរ។
ក្រៅពីបញ្ហាកង្វល់ខាងលើ ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ ស្ពាន ស្ពានអាកាស មណ្ឌលសុខ ភាពសាធារណៈ ការប្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅតែជាបញ្ហា ដែលប្រជាណលរដ្ឋ សូមអោយអាជ្ញាធរនិងសមត្ថកិច្ចយកចិត្តតុកដាក់ និងបន្តធ្វើ។
ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធនេះ ប្រជាពលរដ្ឋ នៅក្នុងវេទិកាសាធារណៈ មួយចំនួនធំ បន្តស្មើសុំ នូវការកសាងផ្លូវ ប្រព័ន្ធលូ ជូនដល់ពួកគាត់ ដែល់កន្លងមក ឯកឧត្តមអភិបាលរាជធានី ក៏ដូចជាអភិបាលខណ្ឌ បានកសាងជូនពួកគាត់ខ្លះៗមកហើយ នៅឡើយកន្លែងមួយចំនួន ក្នុងមូលដ្ឋានខណ្ឌសែនសុខ ដែលនៅខ្វះប្រពន្ធលូ និងផ្លូវ ដោយឲ្យតែមានភ្លៀងធ្លាក់ម្តងៗ តែងតែនៅសល់ទឹកដក ពិបាកក្នុងការធ្វើដំណើរ ។ ក្នុងនោះ នៅមានសហគមន៍មួយចំនួន សំណូមពរ អោយអភិបាលរាជធានី ពិនិត្យទៅលើលទ្ធភាព ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិពេញលេញ ជូនពួកគាត់ ។
ឆ្លើយតបនឹងសំណូមពរទាំងឡាយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានទទួលយក នូវសំណូមពរ និងការស្នើសុំទាំងអស់ ដោយមានសំណូមពរខ្លះ អាចដោះស្រាយបាន ត្រូវបានដោះស្រាយភ្លាមៗផងដែរ និងសំណូមពរមួយចំនួន ត្រូវការការពិភាក្សា ក៏ដូចជាសិក្សាជាក់ស្តែង និងបញ្ចូនមកអភិបាល រាជធានីភ្នំពេញ ដើម្បីពិនិត្យនិងសម្រេច ថាត្រូវដោះស្រាយជូន តាមរបៀបណា និងពេលណា ជូនដល់ប្រជាពលរដ្ឋ ។
នៅក្នុងនោះដែរ បើតាមការឆ្លើយតប របស់លោកអភិបាល ខណ្ឌសែនសុខ ឃើញថា ការស្នើសុំ ពាក់ព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធ ភាគច្រើន ត្រូវបានលោកអភិបាលខណ្ឌ ឲ្យដឹងថាសុទ្ធតែស្ថិតក្នុង គម្រោងដែលបានអនុម័ត្ត ដោយគ្រាន់តែ ត្រូវការសិក្សារៀបចំ ចាប់ផ្តើមសាងសង ក្នុងពេលណាមួយឆាប់ៗនេះតែប៉ុណ្ណោះ៕