(ព្រះសីហនុ) ព្រឹកថ្ងៃ ៥កើត ខែកត្តិកឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយប្រកាស ស្តីពីការបង្កើតក្រុមការងារជំនាញ ដើម្បីពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងនឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសណ្ឋាគារឯករាជ្យ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា ការផ្សព្វផ្សាយចលនាប្រឡងប្រណាំង បដិសណ្ឋារកិច្ចល្អ សន្តិសុខល្អ ខេត្តព្រះសីហនុ លើកទី១ និងការដាក់ឲ្យអនុវត្តប្រព័ន្ធស្នាក់នៅទេសចរណ៍តាមអនឡាញ ព្រមទាំងប្រកាស ស្ដីពីការបង្កើតក្រុមការងារជំនាញ ដើម្បីជួយពង្រឹងដល់ការគ្រប់ គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ មានសារសំខាន់ណាស់ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង និងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគគិន មកកាន់ខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត ស្របតាមការរីកចម្រើននូវបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ។
ឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការអភិវឌ្ឍខេត្តព្រះសីហនុ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានទាំងក្នុងស្រុក និងក្រៅស្រុកពិសេសការអភិវឌ្ឍន៍វិស័យឧស្សា ហកម្ម និងទេសចរណ៍ ។ ទន្ទឹមនេះ ក្នុងឆ្នាំ២០១៨- ២០១៩ ខេត្តព្រះសីហនុ នៅសណ្ឋាគារកម្រិតផ្កាយ ៣ ដល់ផ្កាយ៥ ដំណើរការបន្ថែមប្រហែលចំនួន ១០ទីតាំង មានបន្ទប់ស្នាក់នៅប្រមាណ ២.០០០បន្ទប់ ដែលជួយដោះស្រាយតម្រូវការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុបានប្រែក្លាយមុខមាត់យ៉ាងខ្លាំង ដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេសលើការអភិវឌ្ឍន៍វិស័យឧស្សា ហកម្ម និងទេសចរណ៍ ជាមួយនឹងការអភិវឌ្ឍរីកចម្រើននេះខេត្តព្រះសីហនុ ក៏បានជួបបញ្ហាលំបាកមួយចំនួនផងដែរដែលទាមទារឲ្យវិស័យរដ្ឋនិងឯកជន ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធទាំង អស់ចូលរួមសហការអភិវឌ្ឍ ប្រែក្លាយខេត្តព្រះសីហនុ ឱ្យមានការរីកចម្រើនប្រកបដោយចេរភាព និងសូមអោយប្រជាពលរដ្ឋ មានការយោគយល់បន្តិច ដើម្បីអោយសកម្មភាពនៃការអភិវឌ្ឍ ប្រកបដោយរលូន រីកចម្រើនទៅថ្ងៃអនាគត ៕