ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៨:១៥នាទីយប់ ថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ6A ស្ថិតក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត Prius មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-4485 បើកបរដោយនារីរូបស្រស់២នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងទៀតផង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ 6A ក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរេចង្កូតបុកទម្លុះជញ្ជាំងថ្ម ចូលផ្ទះជួសជុលម៉ូតូតែម្តង បណ្ដាលឲ្យបាក់ជញ្ជាំងថ្ម សង្កត់លើសម្ភារក្នុងផ្ទះខូចខាតអស់មួយចំនួន និងម៉ូតូអស់ជាច្រើនគ្រឿង ចំណែកឯរថយន្តត្រូវជញ្ជាំងថ្មសង្កត់ខ្ទេចស្ទើរទាំងស្រុង ។
តែពិតជាសំណាងល្អមែន ដែលម្ចាស់ផ្ទះមិននៅ ទើបមិនបណ្តាលឲ្យមានមនុស្សណាម្នាក់ រងរបួសនោះទេ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់ផ្ទះ នាំគ្នារត់មកជួយយកនារីទាំង២នាក់នោះ ចេញមកខាងក្រៅបានហើយ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកកន្លែងកើតហេតុផងដែរ។
បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានឲ្យភាគីខាងម្ចាស់ផ្ទះចរចាជាមួយនារី ដែលជាអ្នកបើកបរ ទើបនាងសុំទាក់ទងទៅកាន់ក្រុមគ្រួសារឲ្យចុះមកជួយដោះស្រាយ ដោយសារតែនារីដែលជាអ្នកបើកបររថយន្តបង្ក ស្ថិតក្នុងស្ថានភាពស្រវឹងស្រាទន់ខ្លួនផងនោះ សមត្ថកិច្ចក៏រាយការណ៍បន្តទៅកាន់សមត្ថកិច្ចជំនាញ ឲ្យចុះមកវាស់វែង រួចស្ទូចយករថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមទាំងអ្នកបើកផងដែរ ដើម្បីវាស់ជាតិអាកុល និងរង់ចាំដោះស្រាយតាមច្បាប់ ៕ ប្រភព៖ Heng Ly