ភ្នំពេញ ៖ នគបាលសក្តិ៤កន្លះម្នាក់ បានបាត់បង់ជីវិតនៅក្នុងរថយន្ត ដោយសារបាញ់ខ្លួនឯង កាលពីល្ងាចថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះ11A ផ្លូវP03 ស្ថិតក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សាកសពមានឈ្មោះ សេង សុវណ្ណ អាយុ៣៧ឆ្នាំ មានឋានន្ដរសក្ដិ ថ្នាក់វរសេនីយ៍ទោ តួនាទីជានាយរងការិយាល័យគ្រប់គ្រងមុខសញ្ញានិងតាមចាប់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជាជំនួយការប្រធាននាយកដ្នានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។
តាមការបំភ្លឺរបស់ឈ្មោះ សេង សាវឿន ត្រូវបងប្រុសរបស់ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ វេលាម៉ោង៥ល្ងាចមុនដំបូងជនរងគ្រោះ ឈ្មោះ សេង សុវណ្ណ បានតេទូរសព្ទ័ហៅបងប្រុសអោយមកយកខ្លួន នៅផ្ទះបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពេលមកដល់ផ្ទះខាងលើ បងប្រុសរបស់ជនរងគ្រោះ បានឃើញរថយន្តបញ្ឆេះចោល តែមិនចាប់អារម្មណ៍ ក៏បានដើរចូលឡើងទៅលើផ្ទះ ដើម្បីហៅជនរងគ្រោះ តែមិនឃើញនៅក្នុងផ្ទះទេ ក៏ចុះមកក្រោមវិញ ក៏អើតមើលនៅក្នុងរថយន្ត ឃើញក្នុងរថយន្តមានឈាមហូរ រួចបងប្រុសរបស់ជនរងគ្រោះ បើកទ្វារថយន្តមើលឃើញជនរងគ្រោះ អង្គុយពីក្រោយបាំងរថយន្តស្លាប់បាត់ហើយ ។
ប្រភពបានឱ្យដឹងថា សាកសពខាងលើត្រូវប្រទះឃើញក្នុងសភាពស្លាប់នៅក្នុងរថយន្ត ផ្នែកខាងក្រោយ ជារថយន្តរបស់អង្គភាព ពាក់ស្លាកលេខ នគរបាល2-3203 ។ ដៃកាន់កាំភ្លើងម៉ាកឡុក និងស្នាមបាញ់ចេញចំផ្នែកក្បាល ធ្លាយគ្រាប់ទម្លុះកញ្ចក់ផ្នែកខាងឆ្វេង ។ ក្រោយការពិនិត្យនៅកន្លែងកើតហេតុ សមត្ថកិច្ចបានសន្និដ្ឋានជាបឋមថា នេះជាករណីធ្វើអត្ដឃាត អាចបណ្ដាលមកពីជនរងគ្រោះមានវិបត្តិផ្លូវចិត្ត ដោយសារជំងឺប្រចាំកាយ ( រយៈពេលមួយឆ្នាំកន្លះ គឺជនរងគ្រោះមានជំងឺចំហរកក្រពះ ធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យកម្ពុជាថៃ និងវៀតណាម តែគ្រូពេទ្យប្រាប់ថា ព្យាបាលមិនជាទេហើយជនរងគ្រោះតែងតែ ពោលពាក្យថា មិនអាចរស់បានទៀតទេ ៕
ប្រភព៖ BBN-TV
កែសម្រួលដោយ៖ NCN Daily