ព្រឹត្តិការណ៍ប្រណាំងយានយន្ដឆ្លងកាត់តំបន់អភិរក្ស ខ្មែររ៉ាលីរ៉េដ ២០១៨បានបញ្ចប់ដោយជោគជ័យស្ទើរតែ១០០%

0
360

ព្រឹត្តិការណ៍ប្រណាំងយានយន្ដឆ្លងកាត់តំបន់អភិរក្ស ខ្មែររ៉ាលីរ៉េដ ២០១៨ ក្រោមប្រធានបទ «រួមគ្នាដើម្បីការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា» បានបញ្ចប់ថ្ងៃទី១ ហើយនៅល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ។ ដំបូងនៃការប្រណាំងយានយន្តឆ្លងកាត់តំបន់ អភិរក្សបានបញ្ចប់ដោយ ជោគជ័យស្ទើរតែ១០០%ដោយមិនមានកីឡាករ កីឡាការិនីយានយន្តរូបណាជួបប្រទះបញ្ហាអ្វីឡើយ ដោយពួកគេមកដល់ទីដោយសុវត្ថិភាព។ ប្រជាពលរដ្ឋដែលនៅតាមមូលដ្ឋានដែល យានយន្តត្រូវប្រណាំង ឆ្លងកាត់ គឺពួកគាត់មានការយល់ដឹងច្រើនពីការប្រកួតកីឡាយានយន្ត ហើយពួកគាត់ សប្បាយចិត្ត និងទស្សនាគាំទ្រការប្រណាំងយានយន្តនេះផងដែរ។

ថ្ងៃទី១ នៃការប្រណាំង ក្រុមកីឡាករ កីឡាការិនីយានយន្ដ ទាំងអស់ បានចាប់ផ្ដើមចេញដំណើរ ពីទីក្រុង ភ្នំពេញ ឆ្ពោះទៅកាន់ទិសដៅប្រណាំងនៅខេត្ត កំពង់ស្ពឺ ដោយប្រណាំងមានរយៈចម្ងាយ ១៣៧គីឡូម៉ែត្រឆ្លងកាត់ក្រុងច្បារមន ស្រុកឱរ៉ាល់ និងភ្នំស្រួចដោយឆ្លងកាត់ តំបន់ដែនជម្រកសត្វ ព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិគិរីរម្យ។ កីឡាករកីឡាការិនីបានឃើញនូវទេសភាពវាលស្រែដ៏ល្អស្អាត និងសម្រស់បំព្រងខៀវស្រងាត់ បរកាត់ភូមិដ្ឋានបងប្អូនប្រជាសហគមន៍ និងឆ្លងកាត់ចម្ការអំពៅដ៏ ធំល្វឹងល្វើយ។

ចំពោះលទ្ធផលការប្រកួតថ្ងៃដំបូងនេះ លេខ១ កីឡាករកម្ពុជា គួន ផាន់តារា លេខ២ David Roper មកពីប្រទេសស្កុតលែន លេខ៣ កីឡាករ ក្រូស ថាច់ កម្ពុជា រីឯរថយន្តវិញ លេខ១ បានទៅកីឡាករកម្ពុជា សេក ចាន់តារា លេខ២  កីឡាករកម្ពុជា  លន់ សុផារា លេខ៣ កីឡាករថៃ Song Yos។ សម្រាប់ការប្រណាំងនៅថ្ងៃទី២ នឹងត្រូវចាប់ផ្តើមនៅលើទឹកដីខេត្តព្រះសីហនុ និងកំពត លើចម្ងាចផ្លូវ ៥៨គីឡូ ដោយប្រណាំងកាត់ ចំការដូងប្រេង ឆ្លងកាត់តាមជួរភ្នំក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ដោយបរលើកំណាត់ផ្លូវដីក្រហម ដីខ្សាច់ ផ្លូវចំការខ្វាត់ខ្វែង និងផ្លូវភក់ដែលមានឧបសគ្គជាងថ្ងៃទី១។

ព្រឹត្តិការណ៍ប្រណាំងយានយន្ដឆ្លងកាត់តំបន់អភិរក្ស ខ្មែររ៉ាលីរ៉េដ ២០១៨ សហការរៀបចំដោយ ក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជា នឹងធ្វើការប្រណាំងដោយឆ្លងកាត់ខេត្តចំនួន ៣ គឺខេត្តកំពង់ស្ពឺដោយឆ្លងឆ្លងកាត់តំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិគិរីរម្យ នៅក្នុងខេត្តកំពត ដែលឆ្លងកាត់តំបន់ឧទ្យាន ជាតិព្រះមុនីវង្សភ្នំបូកគោ ហើយនៅក្នុងខេត្តព្រះសីហនុ ឆ្លងកាត់តំបន់ ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូងដែលមានចម្ងាយផ្លូវសរុបជាង ៦៣០ គឺឡូម៉ែត្រ។ ព្រឹត្តិការណ៍នេះ មានការ ចូលរួមប្តកួតពីកីឡាករកីឡាការិនីមកពី ៥ ប្រទេសរួមមានកម្ពុជា ថៃ អូស្ត្រាលី វ៉ែល ស្កត់ឡែន សរុបមានម៉ូតូ ១៦ គ្រឿង និងរថយន្តចំនួន ៩ គ្រឿង។

ទាក់ទងនឹងការរៀបចំឱ្យមានការប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្សនៅកម្ពុជានេះ   ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ពីសារៈប្រយោជន៍ថាដើម្បីផ្សព្វផ្សាយពីសក្តានុ ពលធនធានធម្មជាតិដែលកម្ពុជាមានឱ្យប្រជាពលរដ្ឋបានដឹង ចូលរួមពង្រឹងការផ្សព្វផ្សាយពីការអនុវត្តច្បាប់ និងផ្សព្វផ្សាយពីភាពសម្បូណ៌បែបនៃធនធានធម្មជាតិ ព្រៃឈើ និងជីវៈចម្រុះគ្រប់ប្រភេទ ដែលប្រទេស កម្ពុជាមាន និងជំរុញឱ្យមានការចូលរួមរបស់សាធារណៈជន ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ឱ្យបាន គង់វង្ស និងចូលរួមការពារបរិស្ថានឱ្យមាននិរន្តរភាព។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន ជឿជាក់ថា តាមរយៈការផ្សព្វផ្សាយពីការប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្សនៅកម្ពុជានេះ នឹងធ្វើឱ្យ ពលរដ្ឋបានដឹងពី សក្តានុពលទេសចរណ៍ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅជុំវិញតំបន់ ការពារធម្មជាតិ ការបង្ហាញពីទេសភាពស្រស់បំព្រងនៃព្រៃព្រឹក្សា ស្រែចម្ការ និងជីវៈចម្រុះគ្រប់ប្រភេទ ហើយក៏ឆ្លងកាត់កំណាត់ផ្លូវលំបាកៗរួមានផ្លូវភ្នំ ផ្លូវភក់ ផ្លូវដីក្រហម ផ្លូវខ្សាច់ ផ្លូវមានឧបសគ្គ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here