ឯកឧត្ដម ឃួង ស្រេង អញ្ជើញចូលជួបសម្ដែងការគួរសម ជាមួយលោកស្រី អនុប្រធាននាយកដ្ឋានកិច្ចការអាស៊ី និងអូសេអានី នៃក្រសួងកិច្ចការបរទេសសាធារណរដ្ឋបារាំង

0
281

(បារាំង) ឯកឧត្ដម ឃួង ស្រេង អភិបាល​នៃ​គណៈអភិបាល​រាជធានីភ្នំពេញ រួមដំណើរដោយឯកឧត្ដម ចែម វីឌ៉្យា​ ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណ​រដ្ឋ​បារាំង និងគណៈប្រតិភូ​រដ្ឋបាល​រាជធានីភ្នំពេញ បានអញ្ជើញចូល​ជួប​សម្ដែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Pauline CARMONA អនុ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​អាស៊ី និង​អូសេអានី នៃ​ក្រសួង​កិច្ចការ​បរទេស​សាធារណរដ្ឋ​បារាំង នាព្រឹក​ថ្ងៃ​សុក្រ ០៩រោច ខែអស្សុជ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨។​

ក្នុង​ជំនួប​ពិភាក្សា​ការងារ ឯកឧត្ដម​អភិបាល​បានលើកឡើងអំពីទំនាក់ទំនងដ៏យូរអង្វែងរបស់កម្ពុជា-បារាំង ដែលបានជួយជ្រោមជ្រែងប្រទេសកម្ពុជាក្នុងការស្វែងរកសន្តិភាព និងបាន ថ្លែង​អំណរគុណ ដល់រដ្ឋាភិបាលបារាំង ក៏ដូច​ជា​ទីក្រុងប៉ារីស ដែលបានផ្ដល់ជំនួយជា​បន្តបន្ទាប់​ រួម​ទាំងជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស​ក៏ដូច​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ដល់​រដ្ឋបាល​រាជធានីភ្នំពេញក្នុង​ក្រមខណ្ឌកិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​ នាពេល​កន្លង​មក។ ឆ្លៀតក្នុងឱកាស​នោះផងដែរ ឯកឧត្ដម​អភិបាល បាន​ស្នើក្រសួង​កិច្ចការបរទេស​នៃ​សាធារណ​រដ្ឋ​បារាំង តាមរយៈ​លោកស្រី CARMONA និង​នាយកដ្ឋាន​កិច្ចការ​អាសុី និង​អូសេអានី បន្តការ​គាំទ្រ​បន្ថែម​ទៀតលើកិច្ចការ​សហប្រតិបត្តិការ​ទ្វេ​ភាគី រវាងកម្ពុជា-បារាំង និង​រាជធានីភ្នំពេញ-ទីក្រុងប៉ារីស ព្រម​ទាំង​បន្ត​គាំទ្រ​លើ​គម្រោង​នានា ដែល​អាចជួយឲ្យរាជធានី​ភ្នំពេញ​អាច​ក្លាយជាទីក្រុង​បៃតង និង​ទីក្រុង​ឆ្លាតវៃ​នាពេល​អនាគត។

ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាលើការជំរុញការសិក្សាគម្រោងអភិវឌ្ឍន៍ខ្សែ Tramway ក្នុងជំហានទី៣នៃការសិក្សា។ ក្រៅពីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងស្នើសុំឲ្យប្រទេសបារាំងបន្តគាំទ្រ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​គម្រោង​នានា និងជំរុញឲ្យ​អ្នក​វិនិយោគ​បារាំង ឲ្យ​មក​វិនិយោគ​ក្នុង​រាជធានីភ្នំពេញលើ​វិស័យ​អភិវឌ្ឍន៍​ទីក្រុងប្រកបដោយចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here