(ប៉េកាំង) ពិតជាចំឡែកណាស់ ដែលមិនធ្លាប់មានឡើយ យូៗជួបម្តងរឿងនេះ។ នេះបើតាមសេចក្តីរាយ ការណ៍ ព័ត៌មានក្នុងប្រទេសចិន ដកស្រង់ចេញដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃ ព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ ករណីមួយបានកើតលើទារិកាម្នាក់ បានរួចរស់ជីវិតនិងត្រូវគេ ជួយសង្រ្គោះ នៅប្រមាណជា១២ម៉ោងក្រោយ បន្ទាប់ពីត្រូវឪពុកចិត្តដាច់ របស់ខ្លួនគ្រវែងចោលពីលើមាត់ ជ្រោះ។
ទារិកាខាងលើបានបាត់ខ្លួនចេញពីមន្ទីពេទ្យ Magui ក្នុងក្រុង Gaozhou នៃខេត្តក្វាងទុង (Guangdong) ប្រទេសចិន កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ក្រោយការស៉ើបអង្កេតបឋមភ្លាមៗ ប៉ូលិសបានសង្ស័យលើ សកម្មភាពរបស់បុគ្គលជាឪពុក ហើយទីបំផុតឪពុកម្នាក់នោះ បានឆ្លើយសារភាពថា ពិតជាបាន លួចនាំកូនស្រីចេញពីមន្ទីរពេទ្យ ហើយយកទៅទម្លាក់ចោលក្នុងជ្រោះ កាលពីវេលាម៉ោង០១រំលងអាធ្រាត ថ្ងៃដែលទារិកាបាត់ខ្លួន។
បុគ្គលជាឪពុក ដែលមានត្រកូល «លី» បាននាំប៉ូលិសនិងគ្រូពេទ្យ ឡើងទៅកាន់ជ្រលងជ្រោះមួយដែលនៅក្បែរមន្ទីរពេទ្យ ជាទីដែលពួកគេបានចាប់ផ្តើមការស្វែងរកនៅវេលាម៉ោង១១ព្រឹកថ្ងៃដដែល។ បើតាមការ អះអាងពីឪពុក ទារិកានោះត្រូវបានដាក់ទៅក្នុងកញ្ចប់បាវនីឡុងមួយ មុនពេលត្រូវគ្រវែងចោលទៅក្នុង ជ្រោះ។
ទីបំផុតដោយសារតែសំឡេងយំរបស់ខ្លួន ទារិកានោះក៏ត្រូវបានអ្នកសង្រ្គោះរកឃើញ នាវេលាម៉ោង ១រសៀល គឺនៅ១២ម៉ោងក្រោយត្រូវឪពុកបោះបង់ចោល។ ក្រុមសង្រ្គោះបានប្រាប់បណ្តាញសារព័ត៌មានចិន ក្នុងស្រុកថា មែកឈើបានជួយទប់ស្កាត់ការធ្លាក់ ហើយបាវនីឡុងក៏បានជួយការពារនាងតូចផងដែរ។
សូមបញ្ជាក់ផងដែរថា លោក លី បានឲ្យដឹងថា គ្រួសាររបស់លោកគឹក្រីក្រណាស់ ហើយបន្ទាប់ពី មានកូនស្រីចំនួន២នាក់ និងកូនប្រុសម្នាក់ លោកសង្ឃឹមថានឹងបានកូនប្រុសម្នាក់ទៀត តែបែរជាបានកូនស្រី។
បញ្ជក់បន្ថែមទៀត ក្រោយពេលកើតហេតុ ឪពុកចិត្តខ្មៅនេះ ត្រូវបានប៉ូលិសឃុំខ្លួន៕