អតីតរដ្ឋមន្ត្រីការពារជាតិ ចោទដូណាល់ ត្រាំថាព្យាយាមបំបែកអាមេរិច និងគ្មានភាពជាអ្នកដឹកនាំចាស់ទុំ

0
1315

អតីតរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អា​មេ​រិច លោក Jim Mattis បានធ្វើការ​បន្ទោស​ដល់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​ពុធ ដោយបាន​ធ្វើការ​ចោទប្រកាន់​លោក​ថា ព្យាយាម​បំបែក​អា​មេ​រិច និង​មិនបាន​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ចាស់ទុំ ខណៈដែល​មានការ​តវ៉ា​ទូទាំងប្រទេស​ប្រឆាំងនឹង​ការរើសអើង​ជាតិ​សាសន៍​។​

លោក Jim Mattis ដែល​បាន​លាលែង​ពី​តំណែង​កាលពី​ខែធ្នូ ឆ្នាំ ២០១៨ ដោយសារតែ​លោក​ដូ​ណា​ល់ ត្រាំ​បញ្ជា​ឲ្យ​ដកទ័ព​ទាំងអស់​ចេញពី​ប្រទេស​ស៊ី​រី ក៏បាន​សម្តែង​ការគាំទ្រ​ដល់​ក្រុមបាតុករ​ប្រឆាំងនឹង​ការរើសអើង​ជាតិ​សាសន៍​ផងដែរ​។​

លោក​បាន​សរសេរ​ក្នុង​សេចក្តីប្រកាស​តាម​អន​ឡាញ​ដូច្នេះ​ថា “​ដូ​ណា​ល់ ត្រាំ គឺជា​ប្រធានាធិបតី​ទី ១​ក្នុង​ឆាកជីវិត​របស់ខ្ញុំ ដែល​មិន​ព្យាយាម​បង្រួបបង្រួម​ប្រជាជាតិ​អា​មេ​រិច​ទេ ថែមទាំង​គ្មាន​បំណង​ទៀត​”​។​

លោក​ថ្លែង​បន្តទៀតថា “​ផ្ទុយទៅវិញ លោក​ព្យាយាម​បំបែក​ពួកយើង​។ ពួកយើង​បាន​កំពុង​មើលឃើញ​ពី​ផលវិបាក​នៃ​ការដឹកនាំ​គ្មាន​ភាពចាស់ទុំ​រយៈពេល ៣​ឆ្នាំ​”​។​

អតីត​ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍​ខាងលើនេះ​បាន​សម្តែង​ការខឹង ក្រោយពេល​បានឃើញ​ព្រឹត្តិការណ៍​កាលពី​សប្តាហ៍​មុន ដែល​លោក​ដូ​ណា​ល់ ត្រាំ​បាន​គំរាម​ប្រើប្រាស​យោធា​បង្ក្រាប ខណៈដែល​បាតុកម្ម​ទូទាំងប្រទេស​បានប្រែក្លាយ​ជា​អំពើ​ហឹ​ង្សា និង​ការ​លួច​ប្លន់​ក្នុង​ទីក្រុង​មួយចំនួន​។​

ការ​បាតុកម្ម​ទូទាំងប្រទេស​ភាគច្រើន​ធ្វើឡើង​ដោយ​សន្តិវិធី ប៉ុន្តែ​មាន​ខ្លះ​បាន​ក្លាយជា​អំពើ​ហឹ​ង្សា និង​មានការ​លួច​ប្លន់​នៅពេល​យប់​។​

​សូមបញ្ជាក់ថា លោក​ដូ​ណា​ល់ ត្រាំ​កំពុង​រង​ការរិះគន់​យ៉ាងខ្លាំង ជុំវិញ​ការ​គំរាម​ប្រើប្រាស់​ទ័ព​ដើ​ម្ប​បំបែក​ការជួបជុំ​សន្តិវិធី ខណៈដែល​ភាពចលាចល​កំពុង​ផ្ទុះឡើង​នៅក្នុង​ទីក្រុង​មួយចំនួន​ទូទាំង​សហរដ្ឋ​អា​មេ​រិច​។

ការផ្ទុះ​ការតវ៉ា កើតឡើង​ក្រោយពេល​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នា​ក់បាន​ស្លាប់​ដោយសារ​ការ​ថប់ដង្ហើម បន្ទាប់ពី​ត្រូវ​ប៉ូលីស​យក​ជង្គង់​សង្កត់ក​របស់គាត់​រយៈ​ពេល​ជា​យូរ ទោះបីជា​គាត់​អង្វរ និង​ប្រាប់ថា គាត់​មិនអាច​ដកដង្ហើម​បានឡើយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here