(ត្បូងឃ្មុំ) ក្នុងឱកាសបវេស្សនកាល ឆ្នាំសិក្សា២០១៨-២០១៩ នេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងសហការី ព្រមទាំងសប្បុរសជនមកពីសាលាអន្តរជាតិ បាននាំយក នូវអំណោយសម្ភារសិក្សាមកចែកជូនដល់ប្អូនៗសិស្សានុសិស្សចំនួន៣ ៦០០នាក់ ដែលរួមមានសិស្ស មត្តេយ្យសិក្សាចំនួន៤០០នាក់ សិស្សសាលាបឋមសិក្សាចំនួន២ ៨៥០នាក់ និងសិស្សសាលាអនុវិទ្យាល័យ ចំនួន៣៥០នាក់ នៅសាលារៀនចំនួន៧ ក្នុងឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ពិធីនេះត្រូវបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។
មានប្រសាសន៍សំណេះសំណាសនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណដល់ សប្បុរសជន និងសហការីដែលបានចូលរួមចំណែកផ្តល់ជូននូវសម្ភារសិក្សាទាំងនេះ។ ឯកឧត្តមបាន រំលឹកពីអតីតកាល ដែលការសិក្សាតែងជួបប្រទះនូវការលំបាក ទាំងមធ្យោបាយ និងសម្ភារ ដែលខុស ពីបច្ចុប្បន្ននេះ យើងមានអ្វីៗសព្វបែបយ៉ាង។ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើរដល់ក្មួយៗ សិស្សានុសិស្សឱ្យខិតខំធ្វើខ្លួនឱ្យក្លាយជាសិស្សល្អ និងកូនល្អ ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ នាពេលអនាគត។ ជាមួយនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជូនពរដល់ក្មួយៗសិស្សានុសិស្ស ឱ្យទទួលលទ្ធផលល្អ ក្នុងការសិក្សា និងបានប្រកាសជូនរង្វាន់ដូចរាល់ឆ្នាំ ចំពោះសិស្សានុសិស្សណា ដែលទទួលបានចំណាត់ ថ្នាក់ល្អជាសម្ភារ ក៏ដូចជាថវិកាផងដែរ។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការក៏បាន ផ្តល់ជូននូវនាឡិកាភ្ជួរជញ្ជាំងចំនួន៧០គ្រឿងដល់ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ វត្តចំនួន៣ អាស្រមចំនួន១ និងសាលារៀនទាំង៧ នៅក្នុងឃុំ៕