ឯកឧត្តម អ៊ាង សុផល្លែត ថា ៖ យុទ្ធនាការ “ភ្នំពេញស្អាត” ឆ្នាំ២០១៨៖ “សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ”

0
317

(ភ្នំពេញ) នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមហ៊ុន ម៉ានីសមាជិករដ្ឋសភា និងជាសហស្ថាបនិកនៃគម្រោងភ្នំពេញស្អាត។

កម្មវិធីនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់ឯកឧត្តម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងសាលារាជធានីភ្នំពេញ បណ្តាគ្រឹះស្ថានឯកជន សារព័ត៌មាន និងសិល្បករ-សិល្បការីមួយចំនួនផងដែរ។

យុទ្ធនាការភ្នំពេញស្អាត គឺជាសកម្មភាពគំរូមួយដែលបានចូលរួមចំណែក លើកស្ទួយ និងជំរុញការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយបញ្ហាបរិស្ថាន និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឱ្យបានកាន់តែប្រសើរឡើង ថែមមួយកំរិតទៀត។

ថ្លែងក្នុងអង្គពិធីនោះ ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ពីការគាំទ្រទាំងស្រុងនូវសារដ៏មានអត្ថន័យនិងខ្លឹមសារស្តីពី “សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ” និងអំពាវនាវដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់ ចូលរួមជាមួយយុទ្ធនាការនេះ ឱ្យបានផុសផុល។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ផងដែរថា កន្លងមកដើម្បីលើកស្ទួយសោភ័ណភាពទីក្រុង ក៏ដូចជាទីប្រជុំជននានា រាជរដ្ឋាភិបាលបានដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តមួយចំនួន ដែលជាឧបករណ៍សម្រាប់ជំរុញដល់ការថែរក្សា និងលើកកម្ពស់គុណភាពបរិស្ថាន ដូចជាអនុក្រឹត្យលេខ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន អនុក្រឹត្យលេខ១៦៨ អនក្រ.បក ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក និងអនុក្រឹត្យលេខ២៣៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។ ជាមួយនេះដែរ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍទីក្រុងបៃតង រាជធានីភ្នំពេញ ឆ្នាំ២០១៧-២០២៦ ក៏ត្រូវបានសហការរៀបចំឡើងជាមួយសាលារាជធានីភ្នំពេញ ដើម្បីប្រែក្លាយទីក្រុងភ្នំពេញ ជាទីក្រុងស្អាត បៃតង និងប្រកបដោយការប្រកួតប្រជែង ដែលផ្តល់នូវរបៀបរស់នៅមានសុវត្ថិភាព និងគុណភាពដល់ប្រជាជននៅរាជធានីភ្នំពេញ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here