សេដ្ឋកិច្ចនៅកម្ពុជានឹងកើនឡើង៧,១ភាគរយនៅឆ្នាំ២០១៩​ខាងមុខនេះ

0
453

ភ្នំពេញ : ការព្យាករណ៍ពីកំនើនសេដ្ឋកិច្ចនឹងកើនឡើង៧,១ភាគរយនៅឆ្នាំ២០១៩​ខាងមុខ ផលទុនជាតិសរុបរបស់កម្ពុជា នឹងកើនដល់ក្នុងរង្វង់២៧,២២២លានដុល្លាអាមេរិក និងប្រាក់ចំណូលសំរាប់មនុស្សម្នាក់ នឹងកើនឡើង១,៧០៦ដុល្លាអាមេរិកក្នុង១ឆ្នាំ។

នាព្រឹកថ្ងៃទី២៩ តុលានេះបានឲ្យដឹងថា យោងតាមឯកសារសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល ទើបទទួលបាន នៅក្នុងឆ្នាំ២០១៩ នាពេលខាងមុខនេះ វិស័យចំនួន៣ធំៗ ដែលមានកំណើនល្អនៅតែបន្តរក្សា ក្នុងនោះកំណើននៃវិស័យឧស្សាហកម្ម នឹងនៅរក្សាភាពរឹងមាំ ដែលសម្រេចបានក្នុងអត្រាកំណើនប្រចាំឆ្នាំក្នុងរង្វង់១០ភាគរយ ដែលគាំទ្រដោយភាពរឹងមាំនៃវិស័យសំណង់ ការបន្តកំនើននៃវិស័យកាត់ដេរ ស្របគ្នានឹងសន្ទុះកំណើនខ្ពស់ នៃវិស័យកម្មន្តសាលមិនមែនកាត់ដេរ គឺបម្រើទីផ្សារក្នុងស្រុក និងទាំងសម្រាប់នាំចេញ។

យោងតាមរបាយការណ៍ដដែលបានឲ្យដឹងទៀតថា អតិផរណាមធ្យមប្រចាំឆ្នាំ ត្រូវបានប៉ាន់ស្មានថា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន គឺក្នុងអត្រា៣,១ភាគរយក្នុងឆ្នាំ២០១៩ គឺស្របតាមកំណើនរំពឹងទុកនៃកំណើនយឺត នៃថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងកំណើនយឺតជាងមុន នៃថ្លៃ ម្ហូបអាហារ។ ចំពោះអត្រាប្តូប្រាក់រៀលវិញ ក្នុងឆ្នាំ២០១៩ គឺស្ថិតក្នុងរង្វង់៤០៥០រៀល ក្នុង១ដុល្លារ។

រីឯសម្រាប់វិស័យកសិកម្មវិញ នឹងអាចសម្រេចបានក្នុងកំណើនរង្វង់១,៨ភាគរយ ដែលទ្រទ្រង់ដោយអនុដំណាំនិងជលផល ក្នុងនោះអនុវិស័យដំណាំត្រូវបានរំពឹងថា នឹងមានកំណើនប្រហាក់ប្រហែលឆ្នាំមុន គឺដោយសាតែអំណោយផលរបស់អាកាសធាតុ ភាពប្រសើឡើងរបស់ប្រព័ន្ធធារាសាស្រ្ត និងកំណើនកើនឡើងនៃថ្លៃអង្ករនៅលើទីផ្សារអន្តរជាតិ ព្រមទាំងការ កើនឡើងនៃដំណាំបម្រើឲ្យការនាំចេញដូចជា ចេក កៅស៊ូជាដើម។

ចំណែកពាក់ព័ន្ធអនុវិស័យនេសាទ នឹងអនុវិស័យចិញ្ចឹមសត្វ ត្រូវបានរំពឹងថា កើនឡើងល្អផងដែរ។
ចំណែកវិស័យកាត់ដេរនឹងបន្តរក្សាកំណើនដូចឆ្នាំមុន ហើយអនុវិស័យឧស្សាហកម្មមិនមែនកាត់ដេរ ក៏រំពឹងថានឹងមានសន្ទុះកំណើនខ្ពស់ ជាមួយគ្នានេះដែរ អនុវិស័យសំណង់ គាំទ្រដោយសន្ទុះកំណើននៃសំណ​ង់ថ្លៃមធ្យម និងសមរម្យ ផងដែរ។

ចំណែកឱនភាពគណនីចរន្ត (រួមបញ្ចូលបង្វែរ) ក្នុងឆ្នាំ២០១៩ គឺត្រូវបានព្យាករណ៍ថា នឹងស្ថិតក្នុងរង្វង់អត្រា៧,១ភាគរយ នៃផសស ក្នុងនោះចំពោះភាពប្រសើរឡើងនៃគណនីចរន្ត នឹងឆ្លុះបញ្ចាំងតាមរយៈការរំពឹងទុកនៃភាពរួមតូច នៃឱនភាពសមតុល្យពាណិជ្ជកម្ម ការកើនខ្ពស់ពីចំណូលនៃភ្ញៀវទេសចរអន្តរជាតិ និងកំណើនប្រាក់បង្វែរពីបរទេស ។

សម្រាប់ទុនបម្រុងអន្តរជាតិត្រូវបានរដ្ឋាភិបាលរំពឹងថា នឹងបន្តកាកើនឡើងដល់ប្រមាណ១១,០៥៩លានដុល្លារ ដែលធានាការនាំចេញបាន៦,៥ខែ ក្នុងឆ្នាំ២០១៩ ខាងមុខនេះដែរ៕
យោងតាមរបាយការណ៍ដដែលបានឲ្យដឹងទៀតថា វិស័យសេវាកម្មកម្ពុជាបានរំពឹងថា នឹងបន្តកំណើនរហូតប្រមាណ៧,០ភាគរយ ដែលគាំទ្រដោយកំណើនអនុវិស័យភោជ​នីយដ្ឋា​ន​ និងសណ្ឋាគារ ដែលបានឆ្លុះបញ្ចាំងតាមរយៈកំណើនខ្ពស់របស់ភ្ញៀវទេសចរអន្តរជាតិ ។ រីឯការលក់ដុំរាយ នឹងរក្សាកំណើនបានល្អ ដែលគាំទ្រដោយកំណើននៃការប្រើប្រាស់ក្នុងស្រុក ដោយសារតែកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ សម្រាប់វិស័យអចលនទ្រព្យក៏ត្រូវបានរំពឹងឡើងបន្តកំណើនខ្ពស់ ស្របតាមនិន្នាការនៃអនុវិស័យសំណង់ ក្នុងខណៈដែលអនុវិស័យដឹកជញ្ជូនក៏ត្រូវបានរំពឹងថា នឹងបន្តរក្សាកំណើនបានដូចឆ្នាំ២០១៩ ដូចគ្នាដែរ។ 


LEAVE A REPLY

Please enter your comment!
Please enter your name here