សាលារាជធានីីភ្នំពេញ ចាប់់ផ្តើមកសាងស្ថានាផ្លូវ និងសាងសង់ស្ពាន ចូលមហាវិថី អ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជើងឯក ដើម្បី ពង្រីកហេដ្ឋារចនាសម្ព័ន្ធ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឲ្យកាន់តែធំលូលាយ ងាយស្រួលធ្វើដំណើរចេញចូល និងកាត់បន្ថយការកកស្ទះចរាចរណ៍បានកាន់តែប្រសើរឡើង។
ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ និងសាងសង់ស្ពាន នៃ មហាវិថី អ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង ស្ថិតក្នុងសង្កាត់ចាក់អង្រ្គែលើ ខណ្ឌមានជ័យ កាលពីល្ងាច
ថ្ងៃទី២៦ តុលា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា នេះគឺជាសមិទ្ធិផលមួយទៀតដែលសាលារាជធានីភ្នំពេញសម្រេចបាន ក្នុងការកសាងនិងអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ការងារហេដ្ឋារចនាសម្ព័ន្ធ នេះ ប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចមកលើប្រជាពលរដ្ឋ ពិសេសការកសាងស្ថាបនា ផ្លូវលូ ថ្នល់ និងស្ពាននេះ។ ឯកឧត្តម អភិបាលបន្តថា សមិទ្ធិផលជាច្រើន បានកសាងឡើង ហើយការអភិវឌ្ឍកំពុងបន្ត ដំណើរការទៅមុខឥតឈប់ឈរ ដើម្បីជំរុញការអភិវឌ្ឍរាជធានីភ្នំពេញឲ្យកាន់សំបូរបែប ដំដៅលើកកម្ពស់ កម្រិតជីវភាពប្រជាពលរដ្ឋបានធូធារ និងកាត់បន្ថយភាពក្រីក្រ។ឯកឧត្តម បញ្ជាក់ថា មហាវិថីថ្មីមួយនេះ មិនត្រឹមតែជួយសម្រួលដល់ការរស់នៅប្រកបអាជីវកម្ម និងការធ្វើដំណើរដឹកជញ្ជូនទំនិញ កសិផល និងសេវាកម្មផ្សេងៗ ក្នុងភូមិសាស្រ្តសង្គាត់ចាក់អង្រែលើប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្រ្ត នៃការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ និងជាការដោះស្រាយបញ្ហាប្រឈមចំពោះមុខគឺការកកស្ទះចរាចរ ក្នុងរាជធានីភ្នំពេញ កាត់បន្ថយការចំនាយ និងជំរុញសេដ្ឋកិច្ចទីផ្សារប្រព្រឹត្តិប្រកបដោយប្រសិទ្ធភាព ។
ឯកឧត្តមបានអំពាវនាវប្រជាពលរដ្ឋរស់នៅក្នុងតំបន់ និងអ្នកប្រើប្រាស់ផ្លូវទាំងឡាយ សូមចូលរួមសហការ ផ្តល់ភាពអធ្យាស្រ័យ យោគយល់ និងការអត់ធ្មត់ ចំពោះផលប៉ះពាល់ និងការរំខាននានា ដែលអាចកើតមានដោយសារការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគម្រោងអភិវឌ្ឍន៍រាជធានីភ្នំពេញ ពិសេស ការដ្ឋានសាងសង់ផ្លូវ និងស្ពាន នៃ មហាវិថី អ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាងនេះ។
លោក ពៅ ម៉េងហៃ អនុប្រធានមន្ទីរសាធារណៈការនិដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា មហាវិថីនេះ មានប្រវេង២៨៧០ម៉ែត្រ ទទឺង១៨ម៉ែត្រ និងស្ពានមួយប្រវែង៨០ម៉ែត្រនិងទទឹង១៨ម៉ែត្រ ។ ផ្លូវនេះតភ្ជាប់ពីផ្លូវលេខ២ ដល់ផ្លូវ៣៧១ ស្ថិតក្នុងខណ្ឌមានជ័យ ដើម្បី ផ្តល់លទ្ធភាពងាយស្រួលដល់ការធ្វើដំណើរតភ្ជាប់ពីផ្លូវជាតិលេខ៤ កាត់តាមតំបន់វេងស្រេង និងតំបន់ចោមចៅ ដែលជាផ្លូវយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរ ស្របទៅតាមកំណើនប្រជាពលរដ្ឋ និងកំណើនយានយន្តនាពេលបច្ចុប្បន្ន។ លោកបន្តថា ការស្ថាបនាផ្លូវនិងស្ពាននេះ សាលារាជធានី បានគិតគូរពីគុណភាពស្តង់ដារ ដើម្បី ធានា ដល់ការប្រើប្រាស់មានប្រសិទ្ធភាពយូអង្វែង។ ផ្លូវនេះ ពីដើមឡើយប្រជាពលរដ្ឋ ដែលរស់នៅជំវិញក្នុងតំបន់នេះ ពុំធ្លាប់មានផ្លូវ និងស្ពាន ធ្វើដំណើរឆ្លងកាត់នោះឡើយ ពោលគឺត្រូវធ្វើដំណើរវាងឆ្លងកាត់ផ្លូវ៣៧១ ផ្លូវ២៧១ តំបន់ក្បាលថ្នល់ និងកំណាត់ផ្លូវជាតិលេខ២ ទើបមកដល់តំបន់ចាក់អង្រ្គែលើ ហើយសុទ្ធតែជាទីតាំងស្ទះចរាចរខ្លាំង ត្រូវចំនាយពេលច្រើនម៉ោងក្នុងការធ្វើដំណើឆ្លងកាត់ ។
សូមបញ្ជាក់ថា៖ ការដ្ឋានស្ថាបនាផ្លូវ និងសាងសង់ស្ពាន នៃមហាវិថី អ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាងមានរយៈពេល១៨ខែ៕