កាកបាទក្រហមកម្ពុជា បានប្រគល់អំណោយជាអង្ករចំនួន ១០៨តោន ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង ១២ ក្នុងរាជធានីភ្នំពេញ

0
301

(ភ្នំពេញ) នារសៀល​ថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០១៨នេះ​ ឯកឧត្តម​ ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ ព្រមទាំងលោកភអិបាលខណ្ឌទាំង១២ បានទទួល​អំណោយ​ពី​កាកបាទក្រហម​កម្ពុជា នៅ​ទី​ស្នាក់​ការ​កណ្ដាល​កាកបាទក្រហម​កម្ពុជា​ ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់អំណោយជាអង្ករចំនួន ១០៨តោន ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង ១២ ក្នុងរាជធានីភ្នំពេញ ក្នុងនោះអនុសាខានីមួយៗទទួលបាន អង្ករចំនួន ៩តោន​ ស្មើនឹង​ ៣០០កញ្ចប់​។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកក្រក បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលផ្តាំសួរសុខទុក្ខ និងការកោតសរសើរ ដល់អនុសាខាខណ្ឌទាំង១២ ដែលតែងតែចុះជួយប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត និងអ្នកដែលត្រូវការឱ្យជួយទៅដល់លំនៅឋាន។​ ទន្ទឹងនេះដែរ​ លោកជំទាវ អគ្គលេខាធិការ បានមានប្រសាសន៍ជម្រាបជូនពីសេចក្តីសម្រេចស្តីពី​ការរៀបចំនិងការប្រព្រឹត្តទៅរបស់កាកបាទក្រហមកម្ពុជា​ អាណត្តិទី​ ៦​ ពាក់ព័ន្ធនឹងគណៈអភិបាល​ និងក្រុមប្រតិបត្តិនៅតាមសាខា​ដែលត្រូវមានតួនាទី​ ភារកិច្ច​ ដើម្បីសម្រេចបាននូវសកម្មភាពជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅក្នុងរដ្ឋបាលដែនដីរបស់ខ្លួន​ ដើម្បីឱ្យបានសក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌​។

ឯកឧត្តម​ ឃួង​ ស្រេង​ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុជា ទាំង ១២ខណ្ឌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានដឹកនាំ​កាកបាទក្រហមកម្ពុជា​ ប្រកបដោយគតិបណ្ឌិត​ ការគិតគូរ​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការតាមដាន​ និងដោះស្រាយបញ្ហាបានភ្លាមៗដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ​។​ ចំពោះអំណោយដែលទីស្នាក់ការកណ្តាលបានផ្តល់ជូនទៅអនុសាខាខណ្ឌទាំង ១២ ក្នុងថ្ងៃនេះ​ អនុសាខានីមួយៗ នឹងយកទៅចាត់ចែងផ្តល់ជូនដល់អ្នកងាយរងគ្រោះបំផុត​នៅតាមបណ្តាខណ្ឌនីមួយៗឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាដោយមិនមានការរើសអើង ប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here