នៅព្រឹកថ្ងៃទី២៤ខែតុលា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភាជាតិគណៈកម្មការនីតិកម្មនិងយុត្តិធម៌ និងអគ្គលេខាធិការដ្ឋានរដ្ឋសភាបានរៀបចំសិក្ខាសាលាស្តីពីកម្មវិធី និងផ្តល់ព៌ត័មានបឋមសម្រាប់សមាជិកសមាជិកា នីតិកាលទី៦។
ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាបានមានប្រសាសន៏ថា៖ កម្មវិធីស្វាគមន៍និងផ្តល់ពត័មានបឋមសម្រាប់សមាជិកសមាជិកា នីតិកាលទី៦លើកនេះ គឺជាឨកាសជួបជុំដ៏មានសារៈប្រយោជន៍សម្រាប់ផ្លាស់ប្តូរទៅវិញទៅមកនូវទស្សនបទពិសោធន៍និងអនុសាសន៍ល្អៗក្នុងឋានៈជាអ្នកតាក់តែង ច្បាប់ត្រូវបន្តប្រឹងប្រែងកសាង នូវប្រព័ន្ធច្បាប់មួយកាន់តែពេញលេញ។
ការខិតខំតាមគ្រប់មធ្យោបាយ និងលទ្ធភាពចូលរួមបំរើប្រជាជនក្នុងភាពជាតំណាងដ៏ប្រពៃរបស់ប្រជាជាតិខ្មែរទាំងមូល និងបន្តលើកកម្ពស់វប្បធម៌នៃកិច្ចសន្ទនាក្នុងន័យស្ថាបនា ដើម្បីរួមចំណែកពង្រឹងស្ថាប័ននីតិប្បញ្ញាត្តិឱ្យមានភាពរឹងមាំនៃលទ្ធិប្រជា ធិបតេយ្យ អភិបាលកិច្ចល្អ និងនីតិរដ្ឋនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានបន្តថា- ការជម្រុញការប្រតិបត្តិច្បាប់អោយបានល្អ ការតាមដានការអនុវត្តរបស់ផ្នែកនីតិប្រតិបត្តិ និងការចូលរួមចំណែកដោះស្រាយសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋគឺជាការទទួលខុសត្រូវខ្ពស់របស់តំណាងរាស្រ្ត និងស្ថាប័ននីតិប្បញ្ញាត្តិ។ ក្នុងបទបង្ហាញស្តីពីរដ្ឋធម្មុនុញ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ក្រម សីលធម៌របស់តំណាងរាស្រ្ត និងមុខងារទាំងបីរបស់រដ្ឋសភាដែលលើកឡើងដោយឯកឧត្តមបណ្ឌិតប៉ែន បញ្ញា បានអោយដឹងថាស្ថាប័ននីតិប្បញ្ញត្តិនៅកម្ពុជារួមមាន រដ្ឋសភា ព្រឹទ្ធសភា។ រដ្ឋសភាជាអង្គការដែល មាន អំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានសភា ធម្មនុញ្ញអនុម័តនៅថ្ងៃទី២១ ខែកញ្ញាឆ្នាំ១៩៩៣ ហើយត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសអោយប្រើនៅថ្ងៃទី ២៤ខែកញ្ញាឆ្នាំ១៩៩៣។
រដ្ឋធម្មនុញគឺជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់និងលិខិតបទដ្ឋានគតិយុត្តសម្រាប់រដ្ឋសភាអនុវត្តតួនាទី និងភារកិច្ចមានដូចជា បទបញ្ជាផ្ទៃ ក្នុង នៃ រដ្ឋសភា ច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត សេចក្តីសម្រេច និងលិខិតបទដ្ឋានគតិយុត្តនានារបស់រដ្ឋសភា។ឯកឧត្តមបានបន្តទៀតថា៖ទោះបីមានរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត និងច្បាប់ពាក់ព័ន្ធជាធរមានក៍ដោយក៏ក្នុងក្របខណ្ឌនៃការប្រតិបត្តិការសិទ្ធិសេរីភាព និងការបំពេញតួនាទីភារកិច្ចក្នុងនីតិកាលរបស់ខ្លួនតំណាងរាស្រ្តត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ស្អាតស្អំ មនសិការ និងកិត្តិយស ដើម្បីលើកកម្ពស់ទំនុកចិត្តគណនេយ្យភាព និងការជឿជាក់លើសមាជិករដ្ឋសភា ដែលជាអង្គការកំពូលរបស់ប្រទេសជាតិ។
រដ្ឋសភាមានភារកិច្ចស្នូលសំខាន់ចំនួនបី គឺការងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់និងបំពេញការងារក្នុងភាពជាតំណាងរបស់ប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះក៍មានការធ្វើបទបង្ហាញផងដែរអំពីតួនាទីរបសគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារ និងសវនកម្ម នៃរដ្ឋសភា និងអត្ថប្រយោជន៍ព្រមទាំងរបបឩបត្ថម្ភផ្សេងៗរបស់តំណាងរាស្រ្តកិច្វការអន្តរជាតិ និងការងារការទូតសភា បទបង្ហាញ ស្តីពីតួនាទីភារកិច្ចសមត្ថកិច្ចរបស់សមាគមសមាជិកសភាដើម្បីប្រជារាស្រ្តនិងការអភិវឌ្ឍ ។ តួនាទីនិងភារកិច្ចរបស់អគ្គលេខា ធិការដ្ឋានរដ្ឋសភា យន្តការនិងសេវាគាំទ្ររបស់អង្គភាព នៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា៕