ខេត្តកណ្តាល៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ នៅចំណុចក្នុងទន្លេបាសាក់ ភូមិឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
សពយុវជននោះមានឈ្មោះ ទូច ណាវីន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មុខរបរសិស្ស។
មុនពេលកើតហេតុ ឈ្មោះ ទូច ណាវីន (ជាជនរងគ្រោះ)បានចេញទូកទៅរាយមងជាមួយប្អូនប្រុស ឈ្មោះ ទូច ដាវីត ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស ពេលបើកទូកសៀរខាង មកដល់ចំណុចភូមិឬស្សីស្រុក ក៏ចេញទូកពីច្រាំងទៅកណ្តាលទន្លេ ដ់ើម្បីបណ្តែតមង ពេលចេញបានចម្ងាយប្រហែល៣០ម៉ែត្រ ស្រាប់តែអាវរបស់ជនរងគ្រោះរំចូលម៉ាស៊ីន បណ្តាលអោយធ្លាក់មនុស្សនិងម៉ាស៊ីនក្នុងទឹកលិចបាត់ជាមួយគ្នាតែម្តង។
ឃើញសភាពបែបនេះឈ្មោះ ទូច ដាវីត ត្រូវជាប្អូនជនរងគ្រោះ បានហែលទឹកចូលច្រាំងដើម្បីឲ្យអ្នកជិតខាងជួយបងប្រុសរបស់ខ្លួន ពេលនោះក្រុមគ្រួសារក៏បានជួលចាមមុជទឹករាវរករយ:ពេលប្រហែល៣ម៉ោងទើបប្រទះឃើញសពជនរងគ្រោះ។
សមត្ថកិច្ចបានពិនិត្យសពជនរងគ្រោះបានឲ្យដឹងថា ពិតជាបានស្លាប់ដោយសារលង់ទឹកពិតមែន និងប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕