អភិបាលរាជធានីភ្នំពេញដឹកនាំអាជ្ញាធរចុះពិនិត្យដោយផ្ទាល់ ដើម្បីដោះស្រាយបញ្ហាទឹកលិចក្នុងភូមិសាស្ត្រទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ

0
323

(ភ្នំពេញ) នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១១កើត ខែ​អស្សុជ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២០ នៃ​តុលា ឆ្នាំ​២០១៨ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង  បានដឹកនាំមន្ទីរជំនាញនិងអាជ្ញាធរខណ្ឌសែនសុខ និងខណ្ឌពោធិសែនជ័យចុះពិនិត្យដោយផ្ទាល់នៅតំបន់មុខព្រលានយន្តហោះភ្នំពេញនិងតំបន់មួយចំនួនដែលទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង ។

ឯកឧត្តម ឃួង ស្រេង ពាក់ព័ន្ធនិងកិច្ចការងារនេះ បានដើរមើលប្រព័ន្ធលូតាមបណ្តាយផ្លូវរុស្សី ចាប់ពីផ្លូវ២០១១ ដល់ដងន័ង្គល និងបន្តទៅមើលប្រឡាយទួលសំពៅស្ថិតក្នុងតបន់ភូមិសាស្ត្រ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​លិច​ក្នុង​ភូមិ​សាស្ត្រ​ដងន័ង្គលមុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី៣ ភូមិ​ក្បាលដំរី២ ភូមិ​ត្រពាំង​ជ្រៃ ភូមិ​ចំការ​ឪឡឹក សង្កាត់​កាកាបទី២ ខណ្ឌ​ពោធិ៍​សែនជ័យ និង​ភូមិ​ដំណាក់ សង្កាត់​គោកឃ្លាង ខណ្ឌ​សែន​សុខ កុំអោយរង​ការ​លិច​ផ្លូវ លំនៅដ្ឋាន​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បាន​ដឹកនាំ​មន្ទីរ​ជំនាញ និង​មន្ត្រីរដ្ឋបាល​រាជធានីភ្នំពេញ​ ចុះពិនិត្យជាក់ស្តែង និងដាក់គ្រឿងចក្រចុះកាយមុខ​ទឹក​ និងបាន​អោយស្តារប្រឡាយស្ថិតក្នុងតំបន់ភូមិសាស្ត្រខាង​លើ ដើម្បីសម្រួលចរន្តទឹកហូរបានលឿនទាន់ពេលវេលា និង សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋតំបន់នោះ ជៀសផុតពីការលិចលង់។

សូមបញ្ជាក់ផងដែរថា ប្រឡាយទួលសំពៅមានតូនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពី ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅទី១ ទី២ ទី៣ ខណ្ឌពោធិ សែនជ័យ និងតំបន់មួយចំនួននៅក្នុងខណ្ឌសែន សុខ ដូចជាភូមិដំណាក់ សង្កាត់គោកឃ្លាង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ជាដើម។ ជាទិសដៅចំពោះមុខ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនឹងដាក់លូទំហំមួយម៉ែត្រកន្លះ២ខ្សែនៅប្រឡាយទួលសំពៅ ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំង រួមនិងការកែសម្រួលតភ្ជាប់លូប្រឡាយ នៅតំបន់នេះអោយកាន់តែល្អ ប្រសើរជាងមុន។

ជាងនេះទៅទៀត ជាគម្រោងនៅក្នុងឆ្នាំ២០១៩ ខាងមុខនេះយើងក៏នឹងសាងសង់ស្ថានីយ ទួលសំពៅមួយថ្មីបន្ថែមទៀតផងដែរ ដែលមានសមត្ថភាពបូមទឹកបាន១២ម៉ែត្រគុប ក្នុងមួយនាទី ជាមួយនឹងការបំពាក់ម៉ូទ័របូមទឹកចំនួន៤គ្រឿង៕

LEAVE A REPLY

Please enter your comment!
Please enter your name here