ខេត្តព្រះសីហនុ ៖ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ថ្ងៃទី១៧ តុលា នៅលើភ្នំស្ថិតក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ។
ប្រភពព័ត៌មានពីអ្នកស្រុកឱ្យដឹងថា អ្នករបួសធ្ងន់ម្នាក់ត្រូវបានគេសែងចុះពីភ្នំដែលមានចម្ងាយឆ្ងាយពីផ្លូវជាតិលេខ៤ជាង៧គីឡូម៉ែត្រ ដើម្បីយកមកសង្គ្រោះបន្ទាន់ រីឯអ្នកស្លាប់និងអ្នករបួសផ្សេងទៀត បញ្ជូនចុះមកបន្តបន្ទាប់តាមក្រោយ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹង នៅក្រោយពេលដែលសពនិងអ្នករងរបួសបញ្ជូនមកដល់ផ្លូវជាតិថា ជនរងគ្រោះដែលត្រូវរន្ទះបាញ់ទាំង៤នាក់មាន ៖
១-ឈ្មោះ ឡែម ប្រុញ ភេទប្រុស អាយុ៣៥ឆ្នាំ ស្លាប់នៅនឹងកន្លែង
២-ឈ្មោះ ឡា ហ៊ាន ភេទប្រុស អាយុ៣៤ឆ្នាំ រងរបួសធ្ងន់
៣-ឈ្មោះ ពាន់ ងក ភេទប្រុស អាយុ៣២ឆ្នាំរបួសស្រាល និង
៤-ឈ្មោះ ជន មឿន ភេទប្រុស អាយុ៣១ឆ្នាំ រងរបួសស្រាល ។
អ្នកទាំង៤នាក់ មានទីលំនៅក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ។ប្រភពដដែលឲ្យដឹងទៀតថា ខណៈជនរងគ្រោះទាំ៤នាក់បានឡើងភ្នំដើម្បីរកកាប់ឈើគឺមេឃកំពុងរកកល់ចង់ភ្លៀង ។ លុះភ្លៀងធ្លាក់រលឹមស្រិចៗ ក៏នាំគ្នាចូលជ្រកក្រោមដើមឈើដែលនៅក្បែនោះ លាយឡំទៅដោយសំឡេងផ្គររន្ទះលាន់រំពងមេឃ ។ បន្តិចក្រោយមក ស្រាប់តែមានរន្ទះបាញ់ចំកន្លែងដែលពួកគេកំពុងជ្រកក្រោមដើមឈើនោះ បណ្តាលឲ្យមានស្លាប់និងរបួសធ្ងន់ស្រាលតែម្តង ។
ភ្លាមៗនោះដែរ ក៏មានការភ្ញាក់ផ្អើលដល់អ្នកស្រុកផ្សេងទៀត ទៅជួយសង្គ្រោះដោយការសែងចុះពីភ្នំនិងប្រើពេលយ៉ាងយូរ ព្រោះកន្លែងកើតហេតុមានចម្ងាយឆ្ងាយ និងមិនមានរថយន្តម៉ូតូចូលទៅដល់ គឺដើរដោយថ្មើរជើង ។ នេះជាបាតុភូតទី១សម្រាប់ចុងរដូវវស្សាឆ្នាំនេះ ដែលមានមនុស្សរងគ្រោះដោយសាររន្ទះបាញ់ នៅក្នុងស្រុកព្រៃនប់ ៕