(កំពង់ឆ្នាំង) ភ្ញាក់ផ្អើលនៅថ្ងៃទី១៧ តុលា ឆ្នាំ២០១៨ ក្មេងស្រី២នាក់ត្រូវ បានជនពុំស្គាល់មុខវាយសម្លាប់រួចញាត់ចូលក្នុងកេសឈើដាក់ចោលលើផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិថ្មី ឃុំផ្សា ស្រុកបរិបូរណ៍។ ប្រភពពីមន្ត្រីនគរបាលថា ក្មេងស្រីទាំង ២នាក់ត្រូវបានស្គាល់ ម្នាក់ឈ្មោះ អុល លក្ខិណា អាយុ១៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ជន នី អាយុ ៧ឆ្នាំ ទាំង ២នាក់មានឪពុកឈ្មោះ ប្រាក់ ជា អាយុ ៣៤ឆ្នាំ ម្តាយឈ្មោះ ជន នីតា អាយុ ៣៤ឆ្នាំ។
ប្រភពដដែលបន្តថា ឪពុកម្តាយក្មេងស្រីទាំងពីរនាក់ មិននៅផ្ទះជាមួយកូនទេ ដោយម្តាយទៅធ្វើការនៅភ្នំពេញ រីឯឪពុកទៅធ្វើការនៅប្រទេសថៃ។
ប្រភពបន្តទៀតថា កាលពី៣ ទៅ៤ថ្ងៃ មុនពេលកើតហេតុ បានទុកកូននៅតែ ២នាក់នៅផ្ទះ តែបានផ្ញើមីងមានៅជិតនោះឱ្យជួយមើលដែរ។ លុះនៅថ្ងៃកើតហេតុ គឺគ្មានអ្នកណាបានដឹងថា មានរឿងអ្វីកើតឡើងតាំងពីពេលណាទេ។ ករណីនេះ ត្រូវសមត្ថកិច្ចសង្ស័យថា គឺកើតឡើងតាំងពីយប់ថ្ងៃទី១៧ តុលា។
លុះមកទល់ម៉ោងជាង ១១ថ្ងៃដដែលនេះ ត្រូវបានឪពុកមាក្មេងស្រីទាំង ២នាក់ ឈ្មោះ ភី វុទ្ឋី បាត់ក្មួយមិនឃើញ ក៏ដើរមកមើលនៅផ្ទះ ក៏មិនឃើញដែរ។ តែបានឃើញហិបឈើមួយ ក៏បើកមើល ស្រាប់តែឃើញក្មួយទាំង២ (ក្មេងរងគ្រោះ) ស្លាប់នៅក្នុងកេសឈើនោះយ៉ាងអាណោចអធ័មបំផុត។ សមត្ថកិច្ចកំពុងដាក់ការសង្ស័យថា អាចជាករណីរំលោភសម្លាប់បំបិទមាត់ ។ សមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវក្នុងរឿងនេះ ដើម្បីវែកមុខឃាតករ ៕