(ភ្នំពេញ) ប្រជាពលរដ្ឋរស់ក្នុងសង្កាត់ចំនួន៨នៅ ខណ្ឌ៧មករាបានស្នើសុំ អោយអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយនូវកង្វល់របស់ពួកគាត់មួយចំនួន ពិសេសលើបញ្ហាក្មេងសេពគ្រឿងញៀន ចោរកម្ម ការរៀបចំសណ្តាប់ធ្នាប់សាធារណៈនិងជួយកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋានរបស់ពួកគាត់ ខណៈដែលនៅក្នុងមូលដ្ឋានរបស់ពួកគាត់នៅមិនទាន់អនុវត្តអោយបានល្អប្រសើរនូវឡើយ។
ការស្នើសុំ បែបនេះរបស់បងប្អូនប្រជាពលរដ្ឋបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ នៅក្នុង វេការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលបានប្រារព្វ ធ្វើឡើងនៅ ក្នុងបរិវេនវិទ្យាល័យបាក់ទូក សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយមានវត្តមាន លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ លោក ជួប ខុន សមាជិកក្រុម ប្រឹក្សាតំណាង អោយអោយឯកឧត្តម ម៉ប់ សារិន ប្រធាន ក្រុមប្រឹក្សារាជធានីភ្នំពេញ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ជាច្រើនរយនាក់។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សា រាជធានីនៅព្រឹកនេះផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៣ចំណុច ដែលទាក់ទងនឹងកង្វល់ ផ្ទាល់របស់ ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍ មូលដ្ឋាន។
មន្ត្រីដដែរ បានបញ្ជាក់ថាការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនាពេលកន្លងមក ដើម្បីរដ្ឋបាលរាជធានីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងមានប្រសិទ្ធភាពក្នុងនាមជាតំណាងរដ្ឋបាលសាធារណៈ។
ក្នុងវេទិកានោះ ប្រជាពលរដ្ឋបានលើឡើងជាសំណើរនិងសំណូមពរមួយចំនួន ក្នុងនោះ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងភូមិ៧ សង្កាត់វាលវង់ បានលើកឡើងពី បញ្ហាការទុកដាក់ និងការប្រមូលសំរាមនៅមិនទានបានល្អនិងមិនទៀងពេល បញ្ហាក្មេងៗ ប្រមូលផ្តុំគ្នាជក់គ្រឿងញៀន នៅតាមកាំជណ្តើរអគារបុរីកីឡា ។ ការស្នើសុំអោយច្បាប់នៃការលក់ផ្ទះសំបែង បានលឿន ដើម្បីបានបង់ព័ន្ធជូនរដ្ឋ ដោយ ប្រជាជនចាំតែបង់ទេ។ ការស្នើអោយកាប់មែកឈើ និងដើមឈើងាប់ៗ ចេញ ។ការជួសជុលផ្លូវដែលខូចខាត ជាដើម។ ប្រជាពលរដ្ឋនៅភូមិ៦ សង្កាត់បឹងព្រលិត សូមការផ្តល់អាហាររូបករណ៍ដល់និស្សិតក្រីក្រ ដើម្បីអោយពួកគាត់មានឱកាសបានរៀនសូត្រ និងចូលរួមអភិវឌ្ឍន៍ប្រទេសដូចគេឯង។ ប្រជាពលរដ្ឋបានលើកឡើងថា បញ្ហាសណ្តាប់ធ្នាប់នៅកែងជុំវិញវត្តព្រះពុទ្ធ និងផ្លូវ១៨២ មិនត្រឹមរំលោភយកចិញ្ចើមនោះទេ គឺមាន រហូតដល់យកទ្រូងផ្លូវជាកម្មសិទ្ធិរហូតមានការជួលទីសាធារណៈយកលុយថែមទៀត ដូច្នេះសូមអាជ្ញាធររាជធានីភ្នំពេញមានវិធានការ ។ ការស្នើអោយរៀបចំសណ្តាប់ក្នុងវត្តព្រះពុទ្ធ ដោយនៅក្នុងវត្តព្រះពុទ្ធមានប្រជាពលរដ្ឋ៣ ទៅ៤គ្រួសារ និងធ្វើអាជីវកម្មតុការនៅក្នុងវត្តថែមទៀត ។ ការផ្ញើរកង់ ម៉ូតូ យកលុយលើសសៀវភៅបន្ទុក ដែលគួរតែមានវិធានការ។
ការលើកឡើងជាសំណើរ សំណូមពររបស់ប្រជាពលរដ្ឋ ក្នុងឱកាសនោះក៏ត្រូវបានមន្ត្រី មន្ទីរជំនាញ និងសមត្ថកិច្ច ធ្វើការបកស្រាយនិងដោះស្រាយជូនភ្លាមៗដែរ ពោលគឺបើដោះស្រាយបានភ្លាម ដោះស្រាយភ្លាម តែបើដោះមិនបានបន្តសូមការដោះស្រាយពីថ្នាក់លើបន្ថែមទៀត។
លោកជំទាវ កែវ សុខពិសី បានមានប្រសាសន៍លើកឡើងថា បញ្ហាដើមឈើ លូ ផ្លូវភ្លើង មន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវឧស្សាហ៍ចុះពិនិត្យមើល ដើម្បីអោយបានដឹង ងាយនឹងអនុវត្តការងារបានភ្លាមៗជូនប្រជាពលរដ្ឋ។ បញ្ហាសំរាម លោកស្រី
អភិបាលរងបានស្នើអោយអភិបាលខណ្ឌនីមួយៗ ទទួលខុសត្រូវ ដោយសហការជាមួយក្រុមហ៊ុន ស៊ីន ទ្រី ។ ការលើកឡើងពីបញ្ហាសំរាម មានន័យថា ការទុកដាក់និងប្រមូលសំរាមរបស់យើងមិនទាន់បានល្អនូវឡើយទេដែលយើងត្រូវខំប្រឹងប្រែងបន្ថែមទៀត។
លោកជំទាវបន្តថា រាល់សំណើររបស់ប្រជាពលរដ្ឋត្រូវធ្វើរបាយការណ៍អោយបានត្រឹមត្រូវ ដើម្បីដោះស្រាយជូនពួកគាត់ ។ បើយើងដោះស្រាយមិនទាន់បានភ្លាមៗ យើងនឹងស្នើសុំទៅលើបន្ថែមទៀត ។លោកជំទាវ បញ្ជាក់ថា ក្នុងវេទិកានោះ មានប្រជាពលរដ្ឋសរសេរជាសំណើរសំណូមពរចំនួន៤០សំណើរនិងសំណូមពរ និងការលើកឡើងដោយផ្ទាល់មាត់ចំនួន១១នាក់ ដើម្បីអោយអាជ្ញាធរជួយដោះស្រាយជូនពួកគាត់៕