ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជាសិស្សរៀនថ្នាក់ទី១០ នៃវិទ្យាល័យជាស៊ីមសាមគ្គី និងវិទ្យាល័យទួលទំពូង បានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ ដែលធ្វើដំណើរតាមកង់បីឥណ្ឌា បានសម្រេច តែត្រូវបានម៉ូតូកង់បីនោះ គៀរផ្ទប់របាំងថ្មទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់កង់បី និងដួលម៉ូតូជនសង្ស័យ ទើបត្រូវបងប្អូនប្រជាពលរដ្ឋឃាត់ខ្លួនបាន ហើយស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង រហូតដល់បែកមុខបែកមាត់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១៖១៥នាទីយប់ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះលេខ៣២៦ តាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងក្រុមទី៣៥ ភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចខណ្ឌទួលគោក ឲ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូកង់បី (ឥណ្ឌា) ចេញពីហាងម្ហូបខ្មែរ តាមបណ្តោយផ្លូវម៉ៅសេទុង រហូតមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ខ្មៅ តាមមកពីក្រោយម៉ូតូកង់បី ដោយអែបខាងឆ្វេងដៃ ហើយជនសង្ស័យជិះខាងក្រោយ ក៏បានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះ ដែលកំពុងជិះនៅលើកង់បី បណ្តាលឲ្យដាច់ខ្សែ (បានសំរេច)។ ភ្លាមៗនោះ អ្នកបើកម៉ូតូកង់បី ក៏បានគៀរម៉ូតូជនសង្ស័យផ្ទប់នឹងទ្រូងផ្លូវ បណ្តាលឲ្យដួលម៉ូតូ ព្រមទាំងម៉ូតូកង់បីក៏ក្រឡាប់ ទើបត្រូវកម្លាំងល្បាតទៅដល់ធ្វើការឃាត់ជនសង្ស័យទាំងពីរនាក់ជាក់ស្តែង រួមទាំងវត្ថុតាងតែម្តង។
បើតាមសមត្ថកិច្ច ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១.ឈ្មោះ វណ្ណ វិសាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សវិទ្យាល័យទួលទំពូង រៀនថ្នាក់ទី១០E ស្នាក់នៅផ្ទះពុំស្គាល់លេខ ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (អ្នកបើកម៉ូតូ) ធ្វើសកម្មភាព និងទី២.ឈ្មោះ សុខ ណៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សវិទ្យាល័យ ជាស៊ីម សាមគ្គី រៀនថ្នាក់ទី១០E1 ស្នាក់នៅពុំពិតប្រាកដ (ដេកចល័ត) ជាអ្នកធ្វើសកម្មភាពឆក់។
ចំណែកជនរងគ្រោះឈ្មោះ យា សាអ៊ីនី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរិឥស្លាម ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក រួមមាន ម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HE-1097 ដែលមានលេខតួ និងលេខម៉ាស៊ីន KT11OD.8133369 (មធ្យោបាយជនសង្ស័យជិះធ្វើសកម្មភាព) និងកាបូបស្ពាយពណ៌ទឹកមាសចំនួន១ (ជារបស់ជនរងគ្រោះ ដែលជនសង្ស័យឆក់) បានប្រគល់ជូនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យទាំង២និងវត្ថុតាង ត្រូវបានឃាត់បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ FB