ភ្នំពេញ៖ ប្រជាការពារ និងកម្លាំងប៉ូលិសខណ្ឌឫស្សីកែវ ក៏ដូចជាក្រុមក្មេងស្ទាវ បានចែកជើងគ្នារត់បាតជើងសព្រាត បន្ទាប់ពីមន្ត្រីប៉េអឹមលើផ្ទៃប្រទេសម្នាក់ ស្ថិតក្នុងសភាពស្រវឹងជោកខ្លួន បានបើកការបាញ់បោះអស់ជាង១០គ្រាប់។ ជាលទ្ធផលក្រោយការបាញ់បោះនេះ ប្រជាការពារម្នាក់ បានរងរបួសធ្ងន់ នៅខណៈជនរងគ្រោះ និងសមត្ថកិច្ចខណ្ឌ ចុះល្បាតក្នុងមូលដ្ឋាន ទើបប្រទះក្រុមក្មេងស្ទាវកំពុងប្រយុទ្ធគ្នា។
ហេតុការណ៍មន្ត្រីប៉េអឹម បាញ់បោះអស់គ្រាប់១បង់នេះ បានបង្កជាការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខផ្ទះល្វែងA4 តាមបណ្ដោយផ្លូវបេតុង ស្ថិតភូមិគង្គារផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចខណ្ឌឫស្សីកែវ ជនសង្ស័យ ដែលជាអ្នកបើកការបាញ់បោះខាងលើ មានឈ្មោះ ឡាយ អ៊ីងឃីង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នាក់នៅជិតកន្លែងកើតហេតុ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២ ប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍ថា នៅមុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍នគរបាលទួលសង្កែ២ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ បានចេញល្បាតពួនស្ទាក់តាមភូមិសាស្ត្រនានាក្នុងមូលដ្ឋាន និងត្រៀមលក្ខណៈអន្តរាគមន៍ បង្ការ បង្ក្រាបបទល្មើសផ្សេងៗ ដើម្បីរក្សាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។ នៅខណៈពេលល្បាតមកដល់ចំណុចជិតរង្វង់មូលកាំខូស៊ីធី ក៏បានប្រទះឃើញក្រុមក្មេងទំនើង កំពុងវាយតប់គ្នា តែដោយឃើញសមត្ថកិច្ចភ្លាម ក្រុមក្មេងទំនើងមួយក្រុម ក៏បានឡើងជិះម៉ូតូរត់គេចខ្លួន។
ភ្លាមៗនោះ កម្លាំងបានជិះម៉ូតូប្រដេញតាមចូលទៅតាមផ្លូវបេតុង(គ្មានលេខ) មុខផ្ទះល្វែង A4 ដែលជាកន្លែងកើតហេតុ ទើបឃាត់ម៉ូតូជនសង្ស័យបម្រុងធ្វើការឆែកឆេរ និងសួរនាំ ស្រាប់តែបុរសម្នាក់ ស្លៀកពាក់ស៊ីវិល និងមានសភាពស្រវឹងស្រា ហើយនៅដៃមានកាន់កាំភ្លើងខ្លី១ដើមម៉ាក Lock ពណ៌ខ្មៅ បានផ្ទុះអាវុធចំនួនមួយគ្រាប់ ក៏ផ្អើលនគរបាលប្រាប់ឲ្យកម្លាំងពួនក្រាប រកកន្លែងមានសុវត្ថិភាពសិន និងរាយការណ៍តាមវិទ្យុទាក់ទងសុំកម្លាំងជួយអន្តរាគមន៍ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។ ចំណែកក្រុមក្មេងស្ទាវ ឆ្លៀតឱកាសសមត្ថកិច្ចកំពុងរកកន្លែងសុវត្ថិភាព ពួកគេបានឡើងជិះម៉ូតូរត់ចែកជើងគ្នាបាត់អស់។
បន្តិចក្រោយមក ជនស្លៀកពាក់ស៊ីវិលរូបនោះ ក៏បានផ្ទុះអាវុធជាបន្តន្ទាប់អស់ជាង១០គ្រាប់ រហូតអស់គ្រាប់ពីបង់កាំភ្លើង បណ្ដាលឲ្យប្រជាការពារម្នាក់ ត្រូវគ្រាប់កាំភ្លើង១គ្រាប់ ចំជើងរងរបួសធ្ងន់ ទើបសមត្ថកិច្ចនគរបាលប្រដាប់ដោយកាំភ្លើងអាកា បានស្ទុះចូលទៅភ្ជង់ជនស៊ីវិលខ្មាន់កាំភ្លើងនោះ រួចធ្វើការដកហូតកាំភ្លើងខ្លីមួយដើម យករក្សាទុកធ្វើជាវត្ថុតាង និងវាយខ្នោះ រង់ចាំកម្លាំងមកយកទៅសាកសួរបន្តនៅអធិការនគរបាលខណ្ឌឬស្សីកែវ។
ចំណែកឯប្រជាការពាររងគ្រោះ ដែលត្រូវគ្រាប់កាំភ្លើងចំជើងនោះ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មកដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះជីវិត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានរកឃើញសម្បកគ្រាប់ ចំនួន៨គ្រាប់ផងដែរ។ ចំណែកមន្ត្រីប៉េអឹមលផ្ទៃប្រទេស ដែលជាអ្នកបាញ់បោះ រួមទាំងវត្ថុតាងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅសាកសួរ និងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនីតិវិធីនៅពេលក្រោយ៕
(មានវិដេអូ)
ប្រភព៖ FB