នាព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅមណ្ឌលសួនច្បារខាងកើតវិមានឯករាជ្យ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងគណៈប្រតិភូ អញ្ជើញថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ៧ឆ្នាំ ។
ដោយទឹកចិត្តគោរព ស្រឡាញ់ និងតបស្នងនូវគុណូបការៈដ៏ធំធេងរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជ បីតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ តាងនាមឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃរដ្ឋបាលរាជធានីភ្នំពេញ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានសម្តែងនូវព្រះរាជមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការយាងចូលទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និងបង្រួបបង្រួមជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។ ឯកឧត្តមរដ្ឋមន្រ្តីចងចាំជានិច្ចនូវរាល់ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបូរណភាពទឹកដីកម្ពុជានាពេលកន្លងមក៕