ឯកឧត្តមអ៊ាង សុផល្លែត អញ្ជើញចូលរួមពិព័រណ៍សេដ្ឋកិច្ចសមុទ្រចិនឆ្នាំ២០១៩ និងវេទិកាស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសមុទ្រ

0
296

ឯកឧត្តមអ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញ ចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបើកពិព័រណ៍សេដ្ឋកិច្ចសមុទ្រចិនឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម លូ ហ៊ាវ រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនៃសាធារណរដ្ឋប្រជាមានិតចិន នៅមជ្ឈមណ្ឌលសន្និសីទ នាទីក្រុងសនចិន ខេត្តក្វាងទុង ប្រទេសចិន។


នៅថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញចូលរួមជាវិគ្មិនក្នុងវេទិកាស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសមុទ្រ (វេទិកាដៃគូរសេដ្ឋកិច្ចសមុទ្រជាសាកល)។ នាឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានបង្ហាញពីកិច្ចសហប្រតិបត្តិការវិស័យសមុទ្ររវាងក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាល សាគរ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលតាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជាសម្រេចបាននូវលទ្ធផលជាមោទន ជាពិសេសកិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងនិងអភិរក្សផ្កាថ្ម ការបង្កើតនូវស្ថានីយ៍តាមដាននិងស្រាវជ្រាវបរិស្ថានសមុទ្រ កម្មវិធីអង្កេតស្រាវជ្រាវរួមគ្នាអំពីអេកូឡូស៊ីសមុទ្រ និង ផែនការបែងចែកតំបន់ប្រើប្រាស់ធនធានសមុទ្រ។
ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋលេខាធិការ បានស្នើឱ្យមានការពិចារណាបន្តការសិក្សាស្រាវជ្រាវតាមនាវារួមគ្នា ការបង្កើតនូវស្ថានីយ៍តាមដាននិងស្រាវជ្រាវបរិស្ថានសមុទ្រ និង ការសិក្សាពីស្ថានភាពបរិស្ថានសមុទ្រកម្ពុជាផងដែរ។


ឯកឧត្តម បានលើកឡើងផងដែរ ពីវិធានការដែលកម្ពុជាបានចូលរួមក្នុងក្របខណ្ឌអាស៊ាន អាស៊ាន បូក០៣ និងបណ្តាក្របខណ្ឌអន្តរជាតិនានាពាក់ព័ន្ធនឹងការរក្សានូវស្ថេរភាពសេដ្ឋកិច្ចលើផ្ទៃសមុទ្រ ។ ជាមួយគ្នានេះដែរ ឯកឧត្តម បានសម្តែងនូវការគាំទ្រជានិច្ចចំពោះគំនិតផ្តួចផ្តើមថ្មីៗ ជាបន្តសម្រាប់ការអភិរក្សសមុទ្រ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច សំដៅការធានាឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍដោយចីរភាព ឆ្នាំ២០៣០៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here