តាមទីភ្នាក់ងារសារព័ត៌មានវៀតណាម នោះបើតាមកសិករឈ្មោះ ថាញ់ នៅខេត្ត ទៀនយ៉ាង ដែលទើបលក់ស្រការនាគសាច់ក្រហម ៤ តោន ក្នុងតម្លៃ ៥.០០០ ដុង/គីឡូ (ប្រមាណ ១៥០០ រៀល) និយាយថា តម្លៃបែបនេះមិនគ្រប់ចំណាយលើពលកម្ម ទឹក ជី ឡើយ ។
ទីផ្សារស្រការនាគសាច់ក្រហម ដែលកាលពីខែកញ្ញារបស់វៀតណាម មានតម្លៃចន្លោះ ១៥.០០០ ដុង/គីឡូ – ២០.០០០ ដុង/គីឡូ (៤០០០ រៀល/គីឡូ – ៥០០០ រៀល/គីឡូ) នៅពេលតំបន់កណ្តាលប្រទេសនេះ ឈានចូលរដូវប្រមូលផលទ្រង់ទ្រាយធំ ។
ពេលនេះ ផ្លែស្រការនាគនៅតំបន់វាលទំនាបទន្លេមេគង្គ បានចាប់ផ្តើមប្រមូលផល ជាហេតុនាំឲ្យបរិមាណស្រការនាគសាច់ក្រហមកើនឡើងខ្លាំង នាំឲ្យតម្លៃស្រុតចុះនៅសល់ត្រឹមចន្លោះ ៤០០០ ដុល/គីឡូ ដល់ ៥០០០ ដុង/គីឡូ (ប្រមាណ ១០០ រៀល/គីឡូ – ១៥០០ រៀល/គីឡូ) – ថ្លៃប្រមូលផលទិញនៅចម្ការ ។ ចំណែកស្រការនាគស គឺឈ្មួញមិនទិញតែម្តង ។
គួរបញ្ជាក់ថា ផ្លែស្រការនាគវៀតណាម ពឹងពាក់ប្រភពនាំចេញសំខាន់គឺ ចិន (ប្រមាណ ៧០% ទៅ ៨០%) ខណៈពេលទីផ្សារប្រទេសនេះកំពុងស្ថិតក្នុងស្ថានភាព «ឆ្អែត» ហេតុនេះ ទាល់តែចន្លោះពី ១០ ថ្ងៃ ទៅ ២០ ថ្ងៃទៀត ទើបធ្វើការនាំចូលបន្ត ។
ហេតុនេះ អំឡុងពេលស្ទះការនាំចេញខាងលើ ស្រការនាគសាច់ក្រហម ដែលតម្រូវឲ្យប្រមូលផល នឹងហូរចូលគំហុកមកកាន់ទីផ្សារកម្ពុជាយើង ដែលបច្ចុប្បន្ន មានតម្លៃលក់រាយប្រមាណពី ៦០០០ រៀល/គីឡូ – ៧០០០ រៀល/គីឡូ ។
ខាងលើនេះ ជាព័ត៌មានដែលកសិករដាំស្រការនាគទាំងឡាយគួរគប្បីពិចារណា គិតគូរធ្វើការប្រមូលផលឲ្យបានសមស្រប ព្រោះប៉ាន់ស្មាន ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ តម្លៃស្រការនាគលើទីផ្សារយើងប្រាកដជាដាំក្បាលចុះហើយ ៕ប្រភពCEN