(ភ្នំពេញ) នៅព្រឹកព្រលឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមបញ្ចេញរថយន្តក្រុងសាធារណៈចំនួន១២០គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅខេត្តនានា ក៏ដូចជាត្រឡប់ពីខេត្តនានាត្រឡប់មករាជធានីភ្នំពេញវិញឱ្យមានលក្ខណៈល្អប្រសើរនោះ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់កាដូមួយថ្មីទៀតជូនដល់ប្រជាពលរដ្ឋ ដោយបញ្ជាឱ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងសាធារណៈ១២០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅមកមិនគិតថ្លៃ រយៈពេល៦ថ្ងៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ការដឹកជូនប្រជាពលរដ្ឋទៅវិញទៅមក ដោយឥតគិតថ្លៃ រវាងរាជធានីភ្នំពេញទៅស្រុកកំណើតនេះ ចាប់ផ្តើមធ្វើឡើងនៅរៀងរាល់ម៉ោង៥៖៣០នាទីព្រឹក ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ដោយអនុវត្តន៍នៅលើផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨។